(អ៊ីស្លាម៉ាបាដ)៖ ក្រុមអ្នកជួយសង្គ្រោះ បានបន្តជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះដោយទឹកជំនន់ក្នុងខេត្ត Punjab របស់ប្រទេសប៉ាគីស្ថានរហូតដល់ចុងសប្តាហ៍នេះ ដែលរហូតមកដល់ពេលនេះមនុស្សប្រហែល ២៥០,០០០នាក់ បានផ្លាស់ប្តូរទៅកាន់ទីតាំងដែលមានសុវត្ថិភាពជាង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។
អាជ្ញាធរប៉ាគីស្ថាន បាននិងកំពុងជម្លៀសប្រជាជននៅក្នុងខេត្តនេះ បន្ទាប់ពីប្រទេសជិតខាងឥណ្ឌាបានបង្វែរទឹកចេញពីអាងស្តុកទឹករបស់ខ្លួនក្នុងរដូវមូសុងនេះ ហើយបានពង្រីកប្រតិបត្តិការជួយសង្គ្រោះ នៅពេលដែលទន្លេ Sutlej ចាប់ផ្តើមហក់ឡើង និងបានជន់លិចស្រុកមួយចំនួននៅក្បែរនោះ។
មន្ត្រីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយថា «ប៉ូលិស និងរដ្ឋបាលស្រុកកំពុងធ្វើការជម្លៀសប្រជាជនទៅកន្លែងមានសុវត្ថិភាព ហើយធនធានដែលអាចមានទាំងអស់ ត្រូវបានប្រើប្រាស់ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់មហាជន»។
យោងតាមអាជ្ញាធរដដែលនេះបានឱ្យដឹងទៀតថា យ៉ាងហោចណាស់មនុស្ស ២១៣ នាក់បានស្លាប់នៅក្នុងប្រទេសប៉ាគីស្ថាន នៅក្នុងឧបទ្ទវហេតុដែលទាក់ទងនឹងភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីការចាប់ផ្តើមរដូវមូសុងនៅចុងខែមិថុនា។ មនុស្សប្រហែល ២៥០,០០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់រងគ្រោះ ខណៈដែលអាជ្ញាធរបានចល័តទូក និងបុគ្គលិករាប់រយនាក់សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ប្រទេសប៉ាគីស្ថានត្រូវបានបំផ្លិចបំផ្លាញ ដោយគ្រោះទឹកជំនន់ដ៏អាក្រក់ដែលមិនធ្លាប់មានពីមុនមកជាច្រើនសប្តាហ៍ ដោយមួយភាគបីនៃផ្ទៃប្រទេសត្រូវបានជន់លិច និងបង្កផលប៉ះពាល់ដល់មនុស្សចំនួន ៣៣ លាននាក់ និងបានឆក់យកជីវិតមនុស្ស ១,៧៣៩នាក់។ ទឹកជំនន់ក៏បានបង្កការខូចខាតដល់សេដ្ឋកិច្ចប៉ាគីស្ថាន ដែលមានតម្លៃ៣០ពាន់លានដុល្លារផងដែរ៕