(ប៉េកាំង)៖ ប្រទេស BRICS បានបន្ថែមចំនួនសមាជិកហើយ ! នាព្រឹកថ្ងៃទី ២៤ ខែសីហា តាមម៉ោងក្នុងតំបន់ កិច្ចជំនួបលើកទី ១៥ នៃថ្នាក់ដឹកនាំប្រទេស BRICS បានបើកធ្វើសន្និសីទសារព័ត៌មានពិសេសនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងដោយបានប្រកាសថា អញ្ជើញប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម អាហ្សង់ទីន អ៊ីរ៉ង់និងអេត្យូពីឱ្យចូលជាសមាជិកប្រទេស BRICS ជាផ្លូវការ។

នេះគឺជាការបន្ថែមចំនួនសមាជិកប្រទេស BRICS ជាប្រវត្តិសាស្ត្រមួយលើក ហើយក៏ជាសមិទ្ធផលដ៏សំខាន់បំផុតមួយ ដែលទទួលបានក្នុងកិច្ចប្រជុំកំពូលនៃប្រទេស BRICS លើកនេះផងដែរដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេស BRICS ក្នុងការពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ។ ដោយឡែកចំនួនសមាជិកប្រទេស BRICS ទាំង ៦ ថ្មីនេះមានឧត្តមភាពខាងឧស្សាហកម្មរៀងៗខ្លួន ហើយមានលក្ខណៈបំពេញបន្ថែមគ្នាខាងសេដ្ឋកិច្ចយ៉ាងខ្លាំង ដែលនឹងធ្វើឱ្យនិម្មាបនកម្មឧស្សាហកម្មនៃប្រទេស BRICS កាន់តែមានភាពល្អពេញលេញក្នុងវិស័យផលិតកម្ម ស្បឿងអាហារ ថាមពលនិងសេវាកម្មជាដើម។

ក្នុងនាមជាតំណាងនៃទីផ្សារងើបឡើងថ្មី ប្រទេស BRICS បានបង្កើត "ទំនាក់ទំនងភាពជាដៃគូប្រកបដោយគុណភាពខ្ពស់" គឺមានន័យថា កិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នាមានគុណភាពខ្ពស់ វាមិនត្រឹមតែអាចឆ្លើយតបនឹងបញ្ហាប្រឈមមួយចំនួន ដូចជាកម្លាំងចលករនៃការស្តារសេដ្ឋកិច្ចសកលឡើងវិញ នាពេលបច្ចុប្បន្នបានថមថយចុះជាដើមប៉ុណ្ណោះទេ ថែមទាំងក៏នឹងស៊ីសង្វាក់គ្នាជាមួយចរន្តអភិវឌ្ឍន៍ នៃសម័យកាលនិងបច្ចេកវិទ្យា ក៏ដូចជាកាន់កាប់ថានៈដែលមានប្រៀប និងម្ចាស់ការក្នុងការអភិវឌ្ឍ។ តើត្រូវធ្វើយ៉ាងណា ? ប្រទេសចិនបានផ្តល់ផែនការជាក់លាក់រួចជាស្រេច។

បច្ចុប្បន្ននេះ សេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍបៃតងបានក្លាយជាកម្លាំងចលករថ្មីនៃកំណើនសេដ្ឋកិច្ចសកល។ 《របាយការណ៍ស្តីពីសន្ទស្សន៍ នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលសកល》ដែលរួមគ្នាចេញផ្សាយដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវហិរញ្ញវត្ថុ នៃបណិ្ឌត្យសភាវិទ្យាសាស្ត្រសង្គមប្រទេសចិនជាដើមកាលពីខែឧសភា ឆ្នាំ ២០២៣ បានបង្ហាញថា ពិន្ទុគិតជាមធ្យមនៃសន្ទស្សន៍នេះ បានកើនឡើងពី ៤៥,៣៣ នាឆ្នាំ ២០១៣ ដល់ ៥៧,០១ នាឆ្នាំ ២០២១ ដែលបានកើនឡើង ២៦ ភាគរយ ។ នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ ប្រទេសចិនបានសង្កត់ធ្ងន់ថា ត្រូវផ្តោតលើកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសគឺ ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតងនិងខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម ក៏ដូចជាជំរុញការប្រាស្រ័យទាក់ទង និងការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិរញ្ញវត្ថុ ក្នុងន័យចង្អុលបង្ហាញទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ ខាងវិស័យសេដ្ឋកិច្ចនៃប្រទេស BRICS។

លើសពីនេះទៅទៀត ប្រទេសចិនក៏បានលើកឡើងនូវវិធានការ ដូចជាបង្កើត"សួនជំរុញការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងយុគសម័យថ្មីរវាងប្រទេសចិននិងប្រទេស BRICS "និងស្វែងរកការបង្កើត" វេទិកាសហប្រតិបត្តិការស្តីពីទិន្នន័យ និងការប្រើប្រាស់ផ្កាយរណបដែលអាចបញ្ជាពីចម្ងាយសកលនៃប្រទេស BRICS "ជាដើមដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការ BRICS តាមរយៈការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីជំរុញប្រទេស BRICS ឱ្យសម្រេចបាននូវការអភិវឌ្ឍរួម ប្រកបដោយគុណភាពខ្ពស់។

កិច្ចសហប្រតិបត្តិការផ្នែកនយោបាយនិងសន្តិសុខគឺជាវិស័យដ៏សំខាន់មួយទៀត ។ សន្តិសុខជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍ ។ "ការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរៀងខ្លួន" "ការបង្កើនកិច្ចសម្របសម្រួលលើ បញ្ហាអន្តរជាតិនិងតំបន់សំខាន់ៗ" "ការបញ្ចុះកម្តៅបញ្ហាចំណុះក្តៅ"។ល។ គំនិតផ្តួចផ្តើមរបស់ចិនស្តីពីការពង្រីក កិច្ចសហប្រតិបត្តិការផ្នែកនយោបាយនិងសន្តិសុខនៃប្រទេស BRICS បានឆ្លុះបញ្ចាំងពីសំឡេងរួមរបស់អ្នកផងទាំងពួង ដែលស្នេហាសន្តិភាពនៅលើពិភពលោក ដែលមានអំណោយផលដល់ ប្រទេស BRICS ក្នុងការប្រកាន់ខ្ជាប់នូវទិសដៅទូទៅ នៃការអភិវឌ្ឍដោយសន្តិភាព ក៏ដូចជារួមចំណែករបស់ខ្លួនដើម្បីគាំពារសន្តិភាពពិភពលោក។

សូមបញ្ជាក់ថា ភាពបើកទូលាយ បរិយាប័ន្ន កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះគឺជាខ្លឹមសារនៃ"ស្មារតី BRICS" ហើយក៏ជាលេខសម្ងាត់ដែលធ្វើឱ្យយន្តការសហប្រតិបត្តិការប្រទេស BRICS ដើរកាន់តែឆ្ងាយកាន់តែរឹងមាំ ។ ដោយឈរលើទីចាប់ផ្តើមថ្មីនៃការបន្ថែម ចំនួនសមាជិកប្រទេស BRICS កិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS នឹងដើរឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នេះក៏នឹងពង្រឹងបន្ថែមទៀតនូវកម្លាំងសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោកផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន