(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានអនុញ្ញាតឡើងវិញហើយ ចំពោះការវិលត្រឡប់នៃពលរដ្ឋរបស់ខ្លួន ដែលបានស្ថិតនៅឯក្រៅប្រទេស បន្ទាប់ពីការអនុវត្តវិធានការបិទខ្ទប់ព្រំប្រទល់យ៉ាងតឹងរ៉ឹង អស់រយៈពេលប៉ុន្មានឆ្នាំអំលុងវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន KCNA អាជ្ញាធរទប់ស្កាត់ជំងឺឆ្លងរបស់កូរ៉េខាងជើង បាននិយាយថា ការអនុញ្ញាតខាងលើគឺស្របតាមការសម្របសម្រួល ចំពោះវិធានការប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់ខ្លួន ក្រោយស្ថានការណ៍កូវីដនៅទូទាំងពិភពលោក បានធូរស្បើយឡើងវិញ។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍បានបន្ថែមថា ពលរដ្ឋកូរ៉េខាងជើងដែលត្រឡប់ចូលប្រទេសវិញ នឹងត្រូវដាក់ស្ថិតក្រោមការតាមដានផ្នែកវេជ្ជសាស្រ្ត នៅកន្លែងចត្តាឡីស័កសម្រាប់រយៈពេល១សប្តាហ៍។
គួរបញ្ជាក់ថា សេចក្តីប្រកាសខាងលើធ្វើឡើងនៅប៉ុន្មានថ្ងៃ បន្ទាប់ពីជើងហោះហើរនៃអាកាសចរណ៍កូរ៉េខាងជើង Air Koryo មកពីទីក្រុងព្យុងយ៉ាង បានចុះចតនៅទីក្រុងប៉េកាំងនៃប្រទេសចិនជាលើកដំបូង គិតចាប់តាំងពីការបិទខ្ទប់បង្ការកូវីដ១៩ បានចាប់ផ្តើមកាលពីឆ្នាំ២០២០មក ខណៈប្រទេសដែលឯកោផ្នែកនយោបាយនិងសេដ្ឋកិច្ចនេះ គឺជាប្រទេសក្រោយគេបំផុតមួយ ដែលទើបចាប់ផ្តើមបើកព្រំប្រទល់របស់ខ្លួនឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩ បានធូរស្រាល៕