(ឌីលី)៖ រដ្ឋាភិបាលទីម័រខាងកើត បានអះអាងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបណ្តេញមន្រ្តីការទូតជាន់ខ្ពស់របស់ខ្លួនចេញពីប្រទេស ហើយខ្លួនថ្កោលទោសជាខ្លាំងចំពោះទង្វើនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ រដ្ឋាភិបាលទីម័រខាងកើត បានបន្ថែមយ៉ាងដូច្នេះថា «ទីម័រខាងកើតនៅតែគូសបញ្ជាក់ដដែល អំពីសារសំខាន់នៃការគាំទ្រកិច្ចប្រឹងប្រែងនានា ដែលជួយដល់ការវិលត្រឡប់ នៃសណ្តាប់ធ្នាប់ប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ហើយនៅតែបង្ហាញ​សាមគ្គីភាពជាមួយប្រជាជនមីយ៉ាន់ម៉ា។ ទន្ទឹមគ្នាដែរ ទ័ម័រខាងកើតបន្តទទូចឱ្យរបបសឹកនៅមីយ៉ាន់ម៉ាគោរពសិទ្ធិមនុស្ស និងស្វែងរកដំណោះស្រាយមួយ ដែលប្រកបដោយសន្តិវិធីនិងភាពស្ថាបនា សម្រាប់វិបត្តិនៅក្នុងប្រទេសរបស់ខ្លួន»

កន្លងមកនេះ ក្រុមអ្នកនយោបាយនៅទីម័រខាងកើត ជារឿយៗបានចេញមុខរិះគន់រដ្ឋាភិបាលយោធា ដែលបានគ្រប់គ្រង​ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១មក ហើយប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta ក៏បានជួបជាមួយ តំណាងជាន់ខ្ពស់នៃរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា NUG ដែលប្រឆាំងនឹងរបបសឹកផងដែរ។

គួរបញ្ជាក់ថា បើតាមមន្រ្តីទទួលបន្ទុកសិទ្ធិមនុស្សរបស់ NUG គឺភារធារីទីម័រខាងកើតប្រចាំមីយ៉ាន់ម៉ា ត្រូវបានបង្គាប់ឱ្យចាកចេញពីប្រទេសនេះ នៅត្រឹម​ថ្ងៃទី១ ខែកញ្ញា។ ដើម្បីបង្ហាញការជំទាស់នឹងរដ្ឋ​ប្រហារយោធាឆ្នាំ២០២១ ប្រទេសជាច្រើនបានបន្ថយបេសកកម្មការទូតមកត្រឹមកម្រិតភារធារីប៉ុណ្ណោះ នៅមីយ៉ាន់ម៉ា ជំនួសឱ្យឯកអគ្គរដ្ឋទូត។ ទោះជាបែបនេះក្តី រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា​ កម្រនឹងបណ្តេញឬបដិសេធមន្រ្តីការទូតបរទេសណាស់៕