(ស៉ីដនី)៖ ក្រសួងការពារជាតិអូស្រ្តាលី បានឱ្យដឹងថា នៅថ្ងៃអាទិត្យនេះ មានឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ ដែលផ្ទុកទាហានអាមេរិក អំលុងការធ្វើលំហាត់យោធាមួយ ក្នុងតំបន់ Northern Territory នៃប្រទេសអូស្រ្តាលី ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា ពុំទាន់មានសេចក្តីរាយការណ៍ ពីមនុស្សបាត់បង់ជីវិតនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣។

សារព័ត៌មានអូស្រ្តាលី Sky News Australia បាននិយាយថា ឧទ្ធម្ភាគចក្រ V-22 Osprey ដែលផ្ទុកសមាជិកកងម៉ារីនអាមេរិកចំនួន ២០នាក់ បានធ្លាក់នៅក្បែរឆ្នេរនៃទីក្រុង Darwin ខណៈសារព័ត៌មានអូស្រ្តាលីមួយទៀតគឺ ABC បាននិយាយថា ទាហានជាច្រើននាក់ត្រូវបានជួយសង្រ្គោះ ក្រោយការធ្លាក់ឧទ្ធម្ភាគចក្រនៅលើទីប្រជុំកោះ Tiwi ភាគខាងជើងទីក្រុង Darwin ហើយមិនទាន់មានសេចក្តីរាយការណ៍ ​អំពីអ្នកបាត់បង់ជីវិតនៅឡើយទេ។

គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអូស្រ្តាលី ព័ត៌មានជាបឋមគឺឧបទ្ទវហេតុខាងលើ ពាក់ព័ន្ធជាមួយទាហាន​របស់សហរដ្ឋអាមេរិក ហើយសមាជិកកងកម្លាំងយោធាអូស្រ្តាលី មិនមានជាប់ពាក់ព័ន្ធទេ ខណៈវាកើតឡើងនៅលើកោះ Melville ភាគខាងជើងទីក្រុង Darwin អំលុងសមយុទ្ធយោធា Exercise Predator's Run 2023៕