(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យយុទ្ធនាការឃោសនារបស់លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា លោកអតីតប្រធានាធិបតីអាមេរិក រៃអង្គាសថវិកាបានសរុបជិត២០លានដុល្លារ ក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣។

អ្នកនាំពាក្យខាងលើ បានប្រាប់ថា បើចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ​ ជាពេលដែលលោក ត្រាំ បានធ្វើដំណើរទៅកាន់ពន្ធនាគារក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia ដើម្បីឱ្យគេធ្វើកំណត់ហេតុនិងថតរូបទុកជាឯកសារ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ជុំវិញការព្យាយាមដោយខុសច្បាប់ ដើម្បីប្រែក្រឡាស់លទ្ធផលបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ រូបលោករៃអង្គាសបានប្រាក់ចំនួន ៧.១លានដុល្លារថែមទៀត។ កាលពីថ្ងៃសុក្រតែឯង លោក ត្រាំ​ រៃអង្គាសបានដល់ទៅ៤.១៨លានដុល្លារ ជាហេតុធ្វើឱ្យវា​ក្លាយជាថ្ងៃ ដែលលោករៃអង្គាសប្រាក់បានច្រើនបំផុតសម្រាប់យុទ្ធនាការឃោសនា គិតមកទល់ពេលនេះ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ នៅពន្ធនាគារក្នុងទីក្រុង Atlanta ដោយលោកបានតម្កល់​ប្រាក់២០០,០០០ដុល្លារ ដើម្បីនៅក្រៅឃុំនិងរង់ចាំការបើកសវនាការជំនុំជម្រះ។ លោក ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ប៉ុន្តែបានទទួលបរាជ័យក្រោមថ្វីដៃលោក ចូ បៃដិន កាលពីឆ្នាំ២០២០។ ឥឡូវនេះ លោកកំពុងព្យាយាមស្វែងរក​ ការ​ឈរឈ្មោះតំណាងឱ្យបក្សសាធារណរដ្ឋជាថ្មីម្តងទៀត សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២៤។

ទន្ទឹមគ្នានេះ លោក ត្រាំ កំពុងតែប្រឈមមុខជាមួយការចោទប្រកាន់ផ្លូវការសរុបចំនួន៤ករណី ពាក់ព័ន្ធទៅនឹងការអះអាងរបស់លោក ដែលថាការបោះឆ្នោតឆ្នាំ២០២០ គឺមានការលួចបន្លំ ដោយជ័យជម្នះត្រូវបានគេឆក់យកពីដៃរបស់លោក ព្រមទាំងព្រឹត្តិការណ៍ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ជាពេលដែលក្រុមអ្នកគាំទ្ររបស់លោក បានចូលវាយប្រហារលើវិមានសភាអាមេរិក នៅរដ្ឋធានីវ៉ាស៉ីនតោន ដោយសារលទ្ធផលបោះឆ្នោត។ យ៉ាងណាមិញ លោក ត្រាំ បានច្រានចោលការចោទប្រកាន់ទាំងអស់៕