(មូស្គូ)៖ ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឲ្យសមាជិកក្រុម Wagner ទាំងអស់ចុះហត្ថលេខាលើពាក្យសម្បថភក្តីភាពចំពោះប្រទេសរុស្ស៉ី បន្ទាប់ពីមានករណីធ្លាក់យន្តហោះដែលគេជឿថាបានសម្លាប់ថៅកែរបស់ក្រុមនេះ គឺ លោក យេវហ្គីនី ព្រីហ្គោហ្ស៉ីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នកា់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣។

ក្រឹត្យនេះត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង ដោយតម្រូវឲ្យអ្នកដែលចូលរួមក្នុងសកម្មភាពយោធា ឬគាំទ្រសង្រ្គាមនៅអ៊ុយក្រែន ធ្វើសច្ចាប្រណិធានជាផ្លូវការចំពោះប្រទេសរុស្ស៉ី។ ក្នុងពាក្យសម្បថរួមមានការប្តេជ្ញាធ្វើតាមបញ្ជារបស់មេបញ្ជាការ និងមេដឹកនាំជាន់ខ្ពស់ របស់ខ្លួន។

ក្រឹត្យដែលកំណត់ការស្បថឲ្យក្លាយជាកាតព្វកិច្ចសម្រាប់សមាជិករបស់ Wagner និងក្រុមហ៊ុនយោធាឯកជនផ្សេងទៀត ត្រូវបានគេមើលឃើញថាជាសកម្មភាពមួយ ដើម្បីនាំយកក្រុមទាំងនោះឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។

គួរបញ្ជាក់ថា រុស្ស៉ី កំពុងស៉ើបអង្កេតទៅលើហេតុការណ៍ដែលបានកើតឡើងចំពោះយន្តហោះដែលអះអាងថាមានលោក ព្រីហ្គោហ្ស៉ីន និងសមាជិករបស់ខ្លួននៅលើនោះ ប៉ុន្តែមិនទាន់បញ្ចេញលទ្ធផលនៅឡើយទេ៕