(ប៉េកាំង)៖ ពេលថ្មីៗចុងក្រោយនេះ ចំណូលនៃអ្នកស្រុក Garissa តំបន់ភាគឦសានរបស់កេនយ៉ាបានកើនឡើងហើយ មូលហេតុគឺដោយសារមានថាមពល អគ្គិសនីគ្រប់គ្រាន់ ដូច្នេះភោជនីយដ្ឋានបានបន្ថែមម៉ោងធ្វើអាជីវកម្ម ហើយខាងកសិកម្មក៏មានម៉ាស៊ីនបូមទឹកផងដែរ។ ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺ ព្រះអាទិត្យ ស្រុក Garissa ដែលទទួលការសាងសង់ដោយសហគ្រាសចិនបានដោះស្រាយដោយប្រសិទ្ធភាពនូវបញ្ហាខ្វះថាមពលអគ្គិសនីក្នុងតំបន់ ពោលគឺ បានបំពេញបន្ថែមកម្លាំងចលករបៃតងក្នុងការអភិវឌ្ឍរបស់កេនយ៉ា។

ឆ្នាំនេះជាខួបទី១០នៃការដែលភាគីចិនលើកឡើងនូវទស្សនៈអំពីគោលនយោបាយចំពោះអាហ្វ្រិកស្តីពីភាពពិតប្រាកដ ជិតស្និទ្ធ និងស្មោះត្រង់។ ក្នុងរយៈពេល ១០ឆ្នាំកន្លងទៅនេះ ចិនបានចូលរួមក្នុងការសាងសង់ផ្លូវដែកចម្ងាយជាង៦ពាន់គីឡូម៉ែត្រ ផ្លូវថ្នល់ចម្ងាយជាង៦ពាន់គីឡូម៉ែត្រ និងសំណង់ថាមពលអគ្គិសនី ទ្រង់ទ្រាយធំចំនួនជាង៨០នៅអាហ្វ្រិក។ល។ ការជួយសាងសង់គម្រោងទាំងនេះបានបញ្ជាក់ពីអ្វីដែលលោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងក្នុងសុន្ទរកថា គន្លឹះនៅកិច្ចប្រជុំសន្ទនារវាងថ្នាក់ដឹកនាំចិន និងអាហ្វ្រិក កាលពីថ្ងៃទី២៤ ខែសីហាថា ចិន «រីករាយធ្វើជាអ្នកធ្វើដំណើររួមជាមួយអាហ្វ្រិកលើផ្លូវធ្វើទំនើបកម្ម»។

បច្ចុប្បន្ននេះ ចិនបាន និងកំពុងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដោយគ្រប់ជ្រុងជ្រោយ ស្វាគមន៍ប្រទេសអាហ្វ្រិកធ្វើដំណើរតាម «រទេះភ្លើងល្បឿនលឿន» នៃការអភិវឌ្ឍ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាហ្វ្រិកក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា។ ឆ្នាំ២០២២ ទំហំនាំចេញនាំចូលរបស់ចិនជាមួយអាហ្វ្រិក មានដល់ទៅ១,៨៧ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង១៤,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ។ បច្ចុប្បន្ននេះ ចិនជាគោលដៅនៃការនាំចេញ កសិផលធំទីពីររបស់អាហ្វ្រិក។ ល្ងនិងសណ្តែកដីរបស់អាហ្វ្រិក ត្រូវជា៨០ភាគរយនៃទំហំទឹកប្រាក់សរុបនៃទំនិញប្រភេទដូចគ្នានៃការនាំចូលរបស់ចិន។ ដល់ឆ្នាំ ២០៣៥ តាមការប៉ាន់ប្រមាណ ទំហំពាណិជ្ជកម្មប្រចាំឆ្នាំរវាងចិននិងអាហ្វ្រិកនឹងឡើងដល់៣សែនលានដុល្លារអាមេរិក ។

ព្រមពេលជាមួយគ្នានេះ សំដៅចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនើបកម្មនិងការអភិវឌ្ឍដោយម្ចាស់ការរបស់ប្រទេសអាហ្វ្រិក ចិនបានផ្តល់ការគាំទ្រយ៉ាងសកម្ម ជាប់រហូតមក។ នៅឆ្នាំ២០១៥ សហភាពអាហ្វ្រិកបានអនុម័តលើ «របៀបវារៈឆ្នាំ២០៦៣» ដែលមានគោលដៅកសាងអាហ្វ្រិកថ្មីដែលប្រកបដោយសមាហរណកម្ម ក្នុងតំបន់និងមានសន្តិភាពនិងវិបុលភាពក្នុងរយៈពេល៥០ឆ្នាំខាងមុខនេះ។ ការជំរុញការធ្វើសមាហរណកម្មជាផ្លូវធ្វើទំនើបកម្មដែលប្រទេស និងប្រជាជនអាហ្វ្រិក បានជ្រើសរើសដោយម្ចាស់ការ។

ក្នុងកិច្ចប្រជុំសន្ទនាលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងវិធានការចំនួនបីចំណុច គឺ «គាំទ្រគំនិតផ្តួចផ្តើមស្តីពីការធ្វើឧស្សាហូបនីយកម្ម របស់អាហ្វ្រិក» «ចិនផ្តល់ជំនួយដល់ផែនការទំនើបកម្មខាងកសិកម្មរបស់អាហ្វ្រិក» និង «ផែនការសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលធនធានមនុស្សរវាងចិននិង អាហ្វ្រិក» ដែលបានសមស្របនឹងតម្រូវការនៃការអភិវឌ្ឍទំនើបកម្មរបស់អាហ្វ្រិក មានអំណោយផលដល់ការបង្កើនសមត្ថភាព «បង្កើតគោលិកាឈាម» នៅអាហ្វ្រិក ក៏ដូចជាជំរុញការកសាងសមាហរណកម្មនិងទំនើបកម្មរបស់អាហ្វ្រិក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកថែមមួយកម្រិតទៀត។

ហេតុអ្វីបានជាចិន និងអាហ្វ្រិកមានទំនាក់ទំនងល្អប្រសើរ? ហេតុអ្វីបានជាចំណងមិត្តភាពរវាងចិននិងអាហ្វ្រិកមានភាពយ៉ាងស៊ីជម្រៅ? ពីព្រោះភាគីទាំងពីរបានដើរ ស្របតាមទិសដៅរួម។ តាមការស្ទង់ប្រជាមតិមួយដែលមូលនិធិគ្រួសារ Ichikowitz របស់អាហ្វ្រិកខាងត្បូងបានប្រកាសកាលពីឆ្នាំ២០២២ឱ្យដឹងថា យុវជនអាហ្វ្រិក យល់ឃើញថា ចិនគឺជាប្រទេសដែលបានជះឥទ្ធិពលវិជ្ជមានខ្លាំងបំផុតចំពោះអាហ្វ្រិក។ នៅលើផ្លូវសម្រេចបាននូវទំនើបកម្មនេះ ចិនរីករាយធ្វើដំណើររួមជាមួយអាហ្វ្រិក កសាងសហគមន៍រួមវាសនាចិននិងអាហ្វ្រិកជាមួយគ្នា ដើម្បីបង្កើតអនាគតកាន់តែល្អបវរជូនចំពោះប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន