(កៀវ)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា GUR របស់អ៊ុយក្រែន បាននិយាយថាការវាយប្រហារមួយដោយយន្ដហោះដ្រូនរបស់ខ្លួន បានវាយប្រហារលើ មូលដ្ឋានទ័ពរុស្ស៉ីមួយដែលស្ថិតនៅយ៉ាងជ្រៅក្នុងតំបន់គ្រីមៀ ខណៈប្រជាជនក្នុងតំបន់អះអាងពីអ្នកស្លាប់ និងរងរបួស ការផ្ទុះ ព្រមទាំងការបិទផ្លូវ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣។

កាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ រុស្ស៉ីបានរាយការណ៍ពីការវាយប្រហារដោយយន្ដហោះដ្រូនទ្រង់ទ្រាយធំមួយរបស់អ៊ុយក្រែន លើតំបន់គ្រីមៀ ប៉ុន្តែបានបញ្ជាក់ ថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ស្កាត់កម្ទេចយន្ដហោះដ្រូនអ៊ុយក្រែនចំនួន ៤២គ្រឿង មុននឹងយន្ដហោះដ្រូនទាំងនេះទៅដល់គោលដៅ។

យ៉ាងណាក៏ដោយ មន្ត្រីស៊ើបការណ៍សម្ងាត់អ៊ុយក្រែនម្នាក់ បានឱ្យដឹងថាការវាយប្រហារបានកើតឡើងលើកងពលតូចការពារតំបន់ឆ្នេរទី១២៦ របស់រុស្ស៉ីដែល ឈរជើងក្នុងទីក្រុង ភឺរ៉េវ៉ាល់ណូយ៉េ (Perevalnoye) ស្ថិតនៅចម្ងាយជាង ២០០គីឡូម៉ែត្រពីទឹកដីគ្រប់គ្រងដោយអ៊ុយក្រែន។ «យើងអាចបញ្ជាក់បានថា មូលដ្ឋានយោធានោះ ពិតជាត្រូវបានវាយប្រហារ»។ នេះការបញ្ជាក់យ៉ាងខ្លីពីអ្នកនាំពាក្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែន GUR លោក អាន់ទ្រី យូសូ (Andriy Yuso) ប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន​ Liga.Net។

គួរបញ្ជាក់ថា រុស្ស៉ី បានបញ្ចូលតំបន់គ្រីមៀរបស់អ៊ុយក្រែន ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ក្នុងឆ្នាំ២០១៤៕