(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថាលោកផ្ទាល់ធ្លាប់បានព្រមានឱ្យថៅកែ ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) និងលោក ឌីមីទ្រី អ៊ូតគីន (Dmitry Utkin) មានការប្រុងប្រយ័ត្នខ្ពស់ចំពោះលទ្ធភាពនៃការគំរាមកំហែងដល់អាយុជីវិតរបស់អ្នកទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣។

ដោយចង់និយាយសំដៅទៅលើការស្លាប់របស់លោក ព្រីហ្គោហ្ស៉ីន នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះឯកជនមួយនៅរុស្ស៉ី ក្នុងសប្ដាហ៍នេះ លោក លូកាសិនកូ បានអះអាងថាថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner រូបនេះបានបដិសេធការព្រមានដល់ទៅ២ដង ពាក់ព័ន្ធនឹងការគំរាមកំហែងដល់អាយុជីវិតរបស់ លោក។ លោក លូកាសិនកូ បានលើកឡើងថា អំឡុងការបះបោរមិនបានសម្រេច លោកផ្ទាល់ធ្លាប់បានព្រមានលោក ព្រីហ្គោហ្ស៉ីនថាលោកអាចស្លាប់ ប្រសិន បើនៅតែបន្តធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្គូ នៅពេលនោះ។ ប៉ុន្តែ លោក ព្រីហ្គោហ្ស៉ីបានឆ្លើយតបទៅវិញថា «ខ្ញុំមិនខ្លាចស្លាប់នោះទេ»

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ថាតើការព្រមានរបស់លោក លូកាសិនកូ នៅក្នុងកិច្ចសន្ទនាជាមួយលោក ព្រីហ្គោហ្ស៉ីន ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបេឡារុស BelTA នៅថ្ងៃសុក្រសប្ដាហ៍នេះ ធ្វើឡើងតាំងពីពេលណាឱ្យប្រាកដនោះទេ។ បើតាម BelTA លោក លូកាសិនកូ នៅតែទទូចថាទាហានស៊ីឈ្នួល Wagner នឹងបន្តស្ថិតនៅលើទឹកដីបេឡារុស បើទោះជាថៅកែរបស់ពួកគេបាត់បង់ជីវិតពិតមែនក៏ដោយ៕