(យូអិន)៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅញូវយ៉ក) បានចោទប្រកាន់ចិន និងរុស្ស៉ី ពីការរាំងខ្ទប់ការឆ្លើយតបរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ទៅនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ក្នុងនោះរួមមានការប៉ុនប៉ងដោយទីក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ដើម្បី យកផ្កាយរណបស៊ើបការណ៍មួយទៅដាក់នៅគន្លងតារាវិថី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣។

នៅអំឡុងកិច្ចប្រជុំបន្ទាន់មួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចំនួន១៣ នៃសមាជិកទាំង១៥ របស់ក្រុមប្រឹក្សាសន្តិសុខ លើកលែងចិន និងរុស្ស៉ីចេញ បានថ្កោលទោសការបាញ់បង្ហោះផ្កាយរណបជាលើកទី២ របស់ទីក្រុងព្យុងយ៉ាង ក្នុងរយៈពេល៣ខែ ដោយប្រើប្រាស់បច្ចេកវិទ្យាមីស៊ីល បាលិស្ទីគ។

លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ដូច្នេះថា «បញ្ហានេះគួរតែជាបញ្ហាដែលយើង ទាំងអស់គួរតែឯកភាពគ្នា...ប៉ុន្តែចាប់តាំងដើមឆ្នាំ២០២២មក ក្រុមប្រឹក្សានេះបានបរាជ័យក្នុងការធ្វើឱ្យប្រសើរឡើងនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ដោយសារតែ ការជំទាស់របស់រុស្ស៉ី និងចិន»។ លោកស្រីបន្ថែមថា «ការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើងកាន់តែកើនឡើង រីឯរុស្ស៉ី និងចិនមិនបានធ្វើឱ្យប្រសើរឡើង នូវការទទួលខុសត្រូវរបស់ពួកគេ ដើម្បីការពារសន្តិភាព និងសន្តិសុខអន្តរជាតិ នោះឡើយ»

គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២២ ចិន និងរុស្ស៉ី បានបោះឆ្នោតវេតូលើដំណោះស្រាយមួយដែលមានគោលដៅដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុង ព្យុងយ៉ាង ហើយចាប់តាំងពីពេលនោះមកដែរ មិនមានដំណោះស្រាយ ឬក៏សេចក្ដីថ្លែងការណ៍រួមណាមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពី កូរ៉េខាងជើង ត្រូវបានអនុម័តនោះទេ។ ចិន និងរុស្ស៉ីជារឿយៗបានអះអាងថាការដាក់ទណ្ឌកម្មមិនមែនជាដំណោះស្រាយឡើយ ហើយមានតែធ្វើឱ្យសា្ថនការណ៍ កាន់តែតានតឹងឡើងតែប៉ុណ្ណោះ៕