(នីញ៉ាម៉េ)៖ មេដឹកនាំយោធានៅក្នុងប្រទេសនីហ្សេ បានបង្គាប់ឱ្យឯកអគ្គរដ្ឋទូតបារាំង លោក ស៊ីលវាំង អ៉ីតតេ (Sylvain Itte) ចាកចេញពីប្រទេសរបស់ខ្លួន ខណៈ ទំនាក់ទំនងរវាងនីហ្សេ និងបារាំងដែលធ្លាប់ដាក់អាណានិគមលើប្រទេសអាហ្វ្រិកខាងលិចមួយនេះកាន់តែធ្លាក់ចុះដុនដាប ចាប់តាំងពីមានការធ្វើរដ្ឋប្រហារទម្លាក់ ប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ចេញពីអំណាចកាលពីខែកក្កដាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣។

ក្នុងលិខិតមួយច្បាប់ ក្រសួងការបរទេសនីហ្សេ បានទុកពេល៤៨ម៉ោង ឱ្យឯកអគ្គរដ្ឋទូតបារាំង លោក ស៊ីលវាំង អ៉ីតតេ (Sylvain Itte) ចាកចេញពីប្រទេសនីហ្សេ ដោយចោទប្រកាន់រូបលោកថាមិនបានអើពើនឹងការអញ្ជើញមួយឱ្យចូលរួមក្នុងកិច្ចប្រជុំជាមួយក្រសួងការបរទេសនីហ្សេ។ លិខិតនេះដដែលចុះកាលបរិច្ឆេទកាលពី ថ្ងៃសុក្រ ក៏បានបញ្ជាក់ផងដែរថាសកម្មភាពរបស់រដ្ឋាភិបាលបារាំងដែលផ្ទុយទាំងស្រុងទៅនឹងផលប្រយោជន៍របស់នីហ្សេ គឺជាហេតុផលមួយនៃការសម្រេចចិត្ត បណ្ដេញលោក អ៉ីតតេ ចេញពីប្រទេស។

ប៉ុន្តែ ខាងក្រសួងការបរទេសបារាំង កាលពីថ្ងៃសុក្រនោះដែរបាននិយាយថាយោធាដែលធ្វើរដ្ឋប្រហារនៅនីហ្សេមិនមានអំណាចស្របច្បាប់ ដើម្បីបង្គាប់ ឬស្នើឱ្យ ឯកអគ្គរដ្ឋទូតរបស់ខ្លួនចាកចេញពីប្រទេសនីហ្សេ នោះទេ។ «ការអនុម័ត ឬការសម្រេចចិត្តណាមួយ គឺត្រូវធ្វើឡើងចេញពីរដ្ឋាភិបាលជាប់ឆ្នោតដោយស្របច្បាប់តែ មួយគត់របស់នីហ្សេ»។ នេះជាការបញ្ជាក់របស់មន្ត្រីបារាំងម្នាក់តាមរយៈការស្រង់សម្ដីពីទីភ្នាក់ងារសារព័ត៌មាន AFP។

គួរបញ្ជាក់ថា យោធានីហ្សេ ក៏បានអនុញ្ញាតផងដែរចំពោះការទទួលស្វាគមន៍កងទ័ពមកពីប្រទេសក្បែរខាងដូចជាម៉ាលី និងបួរគីណា ហ្វាសូ ដើម្បីមកជួយការពារខ្លួន ដែលនេះអាចនឹងបង្កើនភាពតានតឹងជាមួយបណ្ដាប្រទេសអាហ្វ្រិកខាងលិចដៃទៀត ដែលបានគំរាមធ្វើអន្តរាគមន៍យោធា ដើម្បីស្ដារអំណាចឱ្យរដ្ឋាភិបាលស្របច្បាប់ របស់លោកប្រធានាធិបតី មហំាម៉ាត់ បាហ្សូម (Mohamed Bazoum) ឡើងវិញ៕