(តៃវ៉ាន់)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសៅរ៍ ទី២៦ ខែសីហានេះបានរាយការណ៍ថាយន្ដហោះចិន ២០គ្រឿង បានហោះចូលក្នុងតំបន់កំណត់ អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ក្នុងនោះរួមមានទាំងយន្ដហោះដ្រូនប្រយុទ្ធមួយគ្រឿងហោះនៅតាមបណ្ដោយឆ្នេរសមុទ្រភាគខាងកើតប៉ាស៊ីហ្វិក នៃកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការបញ្ជាក់លម្អិតពីសកម្មភាពយោធារបស់ចិននារយៈពេល២៤ម៉ោងចុងក្រោយនេះ ក្រសួងការពារជាតិតៃវ៉ាន់បានបន្ថែមថាក្នុងចំណោមយន្ដហោះ ចិនទាំង២០គ្រឿងខាងលើ ក្នុងនោះរួមមានយន្ដហោះចម្បាំង Su-30 និង J-10 ព្រមទាំងយន្ដហោះប្រឆាំងនាវាមុជទឹក។ មិនតែប៉ុណ្ណោះ យន្ដហោះចម្បាំង និងយន្ដហោះដ្រូនមួយចំនួនទាំងនេះថែមទាំងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ទៀតផង។ ប៉ុន្តែខាងក្រសួងការពារជាតិចិន មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។

គួរបញ្ជាក់ថា ការធ្វើសកម្មភាពយោធាជាថ្មីរបស់ចិន នៅជុំវិញកោះតៃវ៉ាន់ កើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិកនៅក្នុងសប្ដាហ៍នេះបានអនុម័តលើការ លក់បរិក្ខារយោធាសម្រាប់តៃវ៉ាន់ ហើយកោះតៃវ៉ាន់ក៏បានប្រកាសផងដែរពីគម្រោងចំណាយថវិកា ៣ពាន់លានដុល្លារ នៅឆ្នាំក្រោយដើម្បីទិញអាវុធ ក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង៕