(ម៉ូស្គូ)៖ មេដឹកនាំរុស្ស៊ីបានទម្លាយរឿង នៃប្រវត្តិពាក់ព័ន្ធ លោក Yevgeny Prigozhin ក្នុងពេលដែលមាន សេចក្តីរាយការណ៍ថា លោកបានបាត់បង់ជីវិតដោយសារការធ្លាក់យន្តហោះ។ រុស្ស៊ីក្នុងសប្តាហ៍នេះទៀត នៅបានបញ្ចេញការប្រើប្រាស់អាវុធដែលគេដាក់ឈ្មោះថា កាំរស្មីមរណៈ ថែមទៀតដើម្បីការទប់ទល់និងបន្សាបឥទ្ធិពលដ្រូនវាយប្រហាររបស់អ៊ុយក្រែន។

មេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដែលរក្សាភាពស្ងៀមស្ងាត់មិនទាន់និយាយជុំវិញមរណភាពរបស់មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin, ទីបំផុតបានថ្លែងសាររំលែកទុក្ខអ្នកដែលបានបាត់បង់ជីវិតលើយន្តហោះទាំង១០នាក់។

លោក​ ពូទីន ក្នុងពេលដែលព័ត៌មាន ​នៃ​ការ​ធ្លាក់​យន្តហោះ​​ឯកជន Embraer Jet របស់លោក Prigozhin កាលពីល្ងាចថ្ងៃពុធ បណ្តាលឱ្យស្លាប់មនុស្សទាំងអស់នោះមក, លោកបានស្ថិតនៅក្នុងព្រឹត្តិការណ៍នៃពិធីមួយដែលរំលឹក​ដល់​សមរភូមិ Kursk ដោយ​ពេលនោះលោកបានថ្លែងអបអរសាទរ​ដល់​ទាហានរុស្ស៊ីដែលគេចាត់ទុកថា ជាវីរបុរសក្នុងការធ្វើសង្គ្រាមក្នុងទឹកដីអ៊ុយក្រែន។ រហូតដល់ថ្ងៃព្រហស្បតិ៍ទី២៤សីហា លោកពូទីនបានថ្លែងសាររំលែកទុក្ខដល់អ្នកបាត់បង់ជីវិត និងបាននិយាយអំពីជីវិតរបស់លោក Yevgeny Prigozhin។

លោកពូទីនបានថ្លែងថា ជាដំបូងនេះខ្ញុំសូមសម្តែងនូវការចូលរួមសោកស្តាយចំពោះក្រុមគ្រួសារទាំងអស់ដែលបានបាត់បង់ជីវិត។ នេះជាសោកនាដកម្មមួយដែលបានកើតឡើង។ លោកបានថ្លែងថា មានព័ត៌មានបឋមដែលនិយាយអំពីបុគ្គលិករបស់ក្រុម Wagner ដែលបានស្ថិតនៅលើយន្តហោះនោះ។ ទោះជាយ៉ាងណាក៏ដោយ លោកពូទីនមិនបានបញ្ជាក់ឱ្យច្បាស់នូវអ្វី ដែលគេចង់ដឹង ថាតើមេដឹកនាំក្រុម Wagner នោះពិតជាស្លាប់ដោយប្រាកដមែនលើយន្តហោះនោះឡើយ។

យន្តហោះខ្នាតតូចប្រភេទឯកជន Embraer Jet ដែលបានហោះក្នុងកម្ពស់ជាង៨គីឡូម៉ែត្រ បានធ្លាក់នាល្ងាច ថ្ងៃពុធទី២៣ សីហា ក្នុងពេលដែលបានហោះចេញពីរដ្ឋធានីម៉ូស្គូទៅកាន់ ក្រុង Saint Petersburg។ ខណៈដែលយន្តហោះនោះ ទើបធ្វើដំណើរបានចម្ងាយជិត៣០០ គីឡូម៉ែត្រ ស្រាប់តែមានឧប្បទ្ទវហេតុផ្ទុះឆេះយន្តហោះនោះបានកើតឡើង បណ្តាលឱ្យយន្តហោះ កំពុងធ្វើដំណើរត្រូវគេឃើញបានឆេះ និងធ្លាក់ចុះមកលើដីក្នុងតំបន់ Tver ក្បែរភូមិ Kuzhenkino ដែលស្ថិតនាភាគខាងជើងក្រុងម៉ូស្គូ។

សេចក្តីរាយការណ៍របស់ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលរុស្ស៊ី និងពីក្រុមដែលស្និទ្ធនឹង Wagner បញ្ជាក់ថា លោក Yevgeny Prigozhin បានស្ថិតក្នុងយន្តហោះនោះក៏ដោយ ប៉ុន្តែសេចក្តីរាយការណ៍ខ្លះនៅតែបង្ហាញក្តីសង្ស័យ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ, ប្រធានាធិបតីរុស្ស៊ីបាន ចូលរួមសម្តែងក្តីសោកស្តាយចំពោះគ្រោះថ្នាក់ធ្លាក់យន្តហោះនោះ។ លោកវ្លាឌីមៀរពូទីនបាន និយាយ អំពីជីវិតរបស់លោក Prigozhin ថាគាត់ជាមនុស្សឆ្លាត ប៉ុន្តែបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរក្នុងជីវិត។ លោកពូទីនបានថ្លែងទៀតថា លោកបានស្គាល់លោក Yevgeny Prigozhin តាំងពី ទសវត្ស១៩៩០ និងបានហៅជីវិតរបស់លោក Prigozhin ថា ជាជីវិតដ៏ស្មុគស្មាញថែមទៀត។

លោកពូទីនបានថ្លែងថា«ខ្ញុំបានស្គាល់លោក Yevgeny Prigozhin តាំងពី ទសវត្ស១៩៩០ ដែលយូរមកហើយ, គាត់គឺជាមនុស្សដែលមានវាសនាលំបាក និងជាមនុស្សដែលបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរក្នុងជីវិត និងគាត់ជាមនុស្សដែលសម្រេចលទ្ធផល ដែលសម្រាប់គាត់ត្រូវការផង និងអ្វីដែលខ្ញុំបានសុំឱ្យគាត់ធ្វើផងក្នុងបុព្វហេតុរួម ដូចជាធ្លាប់បានមានច្រើនខែមកនេះ។ គាត់ជាមនុស្សឆ្លាត, អ្នកជំនួញវ័យឆ្លាត»
លោកពូទីនបានថ្លែងបញ្ជាក់ថា មុនហេតុការណ៍គ្រោះថ្នាក់យន្តហោះកើតឡើងនោះ, លោក Yevgeny Prigozhin បានស្ថិតក្នុងទ្វីបអាហ្វ្រិក។

មន្ត្រីនាំពាក្យក្រសួងការពារជាតិអាមេរិកបានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ បង្ហាញការជឿជាក់មេបញ្ជាការដឹកនាំក្រុម Wagner នោះពិតជាបានស្លាប់ ដោយសារតែការធ្លាក់យន្តហោះនោះមែន។ នៅជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាន ថ្លែងបង្ហាញការសង្ស័យថា មេដឹកនាំរុស្ស៊ីលោក ពូទីន អាចស្ថិតនៅពីខាងក្រោយខ្នងនៃការស្លាប់របស់លោក Prigozhin។

លោកចូបៃដិនបានថ្លែងប្រាប់អ្នកកាសែតដែលសាកសួរថា «មានតិចណាស់ដែលកើតឡើង ក្នុងរុស្ស៊ីដែលថា គ្មានលោកពូទីនស្ថិតនៅពីក្រោយខ្នងនោះ»
នៅជាមួយគ្នានេះដែរ មេដឹកនាំអ៊ុយក្រែនលោក ហ្សេឡិនស្គី បានប្រញាប់បញ្ចេញប្រតិកម្ម ដោយនិយាយថា អ៊ុយក្រែនគ្មានអ្វីដែលជាប់ពាក់ព័ន្ធនឹងរឿងស្លាប់របស់មេដឹកនាំក្រុម Wagner នោះឡើយ។

គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគាំទ្រ Wagner បានបង្ហាញនូវបំណែកដែលឆេះដែល ស្នាមលេខមានលេខកន្ទុយខាងក្រោយដូចគ្នា នឹងយន្តហោះរបស់លោកPrigozhin គឺយន្ត ហោះ RA-02795។

ក្រុមស៊ើបអង្កេតរបស់រុស្ស៊ីដើម្បីស្វែងរកការពិតដែលជាប់ទាក់ទងនៅមិនទាន់បានបង្ហាញ លទ្ធផលស្រាវជ្រាវដែលជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ផ្ទុះយន្តហោះនោះនៅឡើយទេ គ្រាដែលអ្នកដែលចោមរោមស្អប់មេដឹកនាំរុស្ស៊ី បានបង្ហាញការសង្ស័យចោទដាក់ទៅលើលោកពូទីន ថាបានស្ថិតនៅពីក្រោយករណីធ្លាក់យន្តហោះនោះ។
លោកពូទីនត្រូវគេរាយការណ៍នូវសម្តីដែលជាប់ពាក់ព័ន្ធនឹងការស្រាវជ្រាវនេះទៀតថា គេនឹង ត្រូវការពេលវេលាថែមទៀត ដើម្បីធ្វើការស្រាវជ្រាវលើបញ្ហាពាក់ព័ន្ធដែលនាំឱ្យមានការធ្លាក់យន្តហោះនោះ។

នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត រុស្សីទើបតែបញ្ចេញអាវុធប្រភេទថ្មីមួយ ដែលមានមានរហស្សនាមថា Death Ray ឬ កាំរស្មីមរណៈ។ រដ្ឋាភិបាលក្រុងមូស្គូចង់ប្រើ អាវុធ នៃកម្លាំងថាមពលនេះដើម្បីបន្សាបឥទ្ធិពលដ្រូន របស់អ៊ុយក្រែនដោយធ្វើឱ្យដ្រូនសត្រូវទាំងនោះគាំងម៉ាស៊ីនដំណើរការរបស់វា និងធ្លាក់ដាំដូងពីលើអាកាស។
ការបញ្ចេញអាវុធ ប្រើកាំរស្មីនេះ គឺនៅបន្ទាប់ពីដ្រូនអ៊ុយក្រែន បានបង្កភាពអុកឡុកមិនចេះចប់មិនចេះហើយ ជាពិសេសវេលាច្រើនសប្តាហ៍មកនេះដ្រូនអ៊ុយក្រែនខ្លះ ថែមទាំងអាចធ្វើដំណើរទម្លុះរបាំងខ្សែក្រវាត់ការពាររបស់រុស្ស៊ី និងបង្កការផ្ទុះដាក់មកលើហេដ្ឋារចនាសម្ព័ន្ធ លើទឹកដីរបស់រុស្ស៊ីថែមទៀត។

ការបាញ់ទម្លាក់ដ្រូនដែលមានតម្លៃនីមួយៗប្រមាណ២ម៉ឺនដុល្លារ ដោយការប្រើប្រព័ន្ធមីស៊ីលការពារអាកាសតម្លៃថ្លៃច្រើនលើសលុបជាងតម្លៃដ្រូននោះ គឺជាវិធីមួយដែលគេចាត់ទុកថាជា ភាពខ្ជះខ្ជាយលើសម្បត្តិធនធន និងភាពខ្ជះខ្ជាយនោះ នឹងនាំដល់ការរលាយខ្លួនឈានដល់ការចាញ់សង្គ្រាម។ ហេតុដូច្នេះហើយ នាពេលនេះ រុស្ស៊ីបាន​ចាប់ផ្តើម​ប្រើអាវុធ​ថាមពល​ដឹកនាំ' 'Directed Energy Weapons' របស់ខ្លួន ​ដើម្បីកុំឱ្យអ៊ុយក្រែនអាងលើការប្រើដ្រូន បង្កហេតុតទៅទៀត។

ប្រធានាធិបតី Volodymyr Zelensky ក្នុងដំណើរទស្សនកិច្ចនៅដាណាម៉ាក ក្នុងសប្តាហ៍នេះ បានថ្លែងអំណរ គុណប្រទេសដាណឺម៉ាក សម្រាប់ការគាំទ្រ និងបរិច្ចាគឧបករណ៍យោធាដល់អ៊ុយក្រែនក្នុងនោះ រួមមានដ្រូនផងដែរ។ លោក ហ្សេឡិន ស្គី បានថ្លែងរៀបរាប់នូវបញ្ជីឈ្មោះឧបករណ៍យោធានានា ដែលបានជួយមកអ៊ុយក្រែនដែលក្នុងនោះលោកបញ្ជាក់ថាដ្រូនក៏ជា អាវុធមួយដែលបានបន្លាចដល់រុស្ស៊ីផងដែរ។

ខណៈដែលការវាយប្រហារគ្នាកាន់តែទំនើបដោយបច្ចេកវិទ្យា, ការរកអាវុធថ្មីៗ ទំនើបបែបច្ចេកវិទ្យា ត្រូវបានគេច្នៃប្រឌិតឡើង និងរំពឹងថាបច្ចេកវិទ្យាធ្វើអាវុធសម្លាប់គ្នាទៅ វិញទៅមក នឹងកាន់តែអភិវឌ្ឍន៍ថែមទៀតនាច្រើនឆ្នាំទៅមុខទៀត។
ដ្រូនគឺជាអាវុធដែលមានការប្រើប្រាស់ទាន់សម័យបំផុតក្នុងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន និងជា ឧបករណ៍ស៊ើបការណ៍ដ៏មានប្រសិទ្ធភាពថែមទៀតក្នុងការផ្តល់ព័ត៌មានសម្ងាត់យោធាដល់កងទ័ព។

ដើម្បីបំបាត់ឥទ្ធិពលដ្រូន រុស្ស៊ីបានប្រើប្រាស់បច្ចេកវិទ្យាថ្មីចុងក្រោយនេះ តាមរយៈការប្រើប្រាស់កាំរស្មីឡាស៊ែរដ៏មានអានុភាព ដើម្បីធ្វើ ឱ្យដ្រូនហោះរបស់សត្រូវគាំងម៉ាស៊ីនលែងដំណើរការ ដោយការប្រើកម្តៅមិនអាចឱ្យធ្វើសកម្មភាពបានឡើយ។
ក្រុមអ្នកជំនាញបាននិយាយបញ្ជាក់បន្ថែមថា អាវុធនៃ «កាំរស្មីមរណៈ» ត្រូវបានប្រើប្រាស់ ដោយការបញ្ចេញរស្មីថាមពលប្រមូលផ្តុំដែលអាច ធ្វើឱ្យគោលដៅវាយប្រហាររបស់វាមានភាពក្តៅ និងធ្វើឱ្យមានដំណើរការខុសប្រក្រតី និងទីបំផុតគាំងម៉ាស៊ីនធ្លាក់ចុះមកដី។ បច្ចេកវិទ្យានេះត្រូវគេបញ្ជាក់ថា មានប្រសិទ្ធភាពជាពិសេសប្រឆាំងនឹងដ្រូនណាដែលមាន
ទម្ងន់ស្រាលនិងតូច ដែលគេពិបាកក្នុងការបាញ់ទម្លាក់តាមរយៈវិធីសាស្ត្រធម្មតា។

អាវុធនាំកាំរស្មីមរណៈនេះ ត្រូវគេឃើញបានប្រើប្រាស់ដាក់លើដ្រូនអត្តឃាតរបស់អ៊ុយក្រែន កាលពីថ្ងៃទី១៥សីហា ដោយប្រើកាំរស្មីឡាស៊ែ័រក្នុងការធ្វើឱ្យដ្រូនសត្រូវរបស់ខ្លួនបានធ្លាក់។ អាវុធនេះអាចបាញ់មានប្រសិទ្ធភាពក្នុងរង្វង់ចម្ងាយ១០គីឡូម៉ែត្រ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សារព័ត៌មានជាតិរុស្ស៊ី កាណុងប្រើរលកកម្តៅកាំរស្មីដែល គេដាក់លើប្រព័ន្ធជើងទម្រ នៃប្រព័ន្ធមីស៊ីលការពារដែនអាកាសរួមមានឧបករណ៍Oscillator, ថាសអង់តែន, ប្រព័ន្ធត្រួតពិនិត្យតាមដានឧបករណ៍និងប្រព័ន្ធបញ្ចេញ Transmission និង ប្រព័ន្ធអាវុធកាំរស្មីមរណៈនេះមានសមត្ថភាពផ្តល់ការការពារ៣៦០ដឺក្រេក្នុងមួយម៉ែត្រ។
ប្រព័ន្ធអាវុធការពារនៃកាំរស្មីមរណៈ ធ្លាប់ត្រូវបានកម្ទេចដ្រូនរបស់អ៊ុយក្រែនដែលបានប៉ុនប៉ង ហោះចូលមកក្នុងបរិវេណវិមានក្រឹមឡាំងកន្លងមកកាលពីថ្ងៃទី៣ឧសភាឆ្នាំ២០២៣ផងដែរ។

បន្ថែមពីលើអាវុធនៃ «កាំរស្មីមរណៈ»នេះទៀត, ប្រទេសរុស្ស៊ីនៅបានអនុវត្តវិធានការប្រឆាំងដ្រូនផ្សេងទៀតផងដែរ ដូចជាការប្រើប្រាស់ប្រព័ន្ធកកស្ទះអេឡិចត្រូនិច ដើម្បីរំខានដល់ប្រព័ន្ធទំនាក់ទំនងនិងរុករករបស់ដ្រូន។

ប្រព័ន្ធអាវុធទំនើបនៃបច្ចេកវិទ្យាបង្កកការស្ទះប្រព័ន្ធដំណើរការអេឡិចត្រូនិចនេះ ក៏ធ្លាប់ត្រូវរុស្ស៊ីបានប្រើប្រាស់បង្កកដ្រូនរបស់អ៊ុយក្រែនក្នុងពេលបង្ហោះចូលមកលើក្រុងរុស្ស៊ីនាពេលថ្មីៗកន្លងមកនេះផងដែរ។
ការអភិវឌ្ឍន៍បច្ចេកវិទ្យាប្រឆាំងដ្រូននេះ បានឆ្លុះបញ្ចាំងពីការរត់ប្រណាំងប្រជែងគ្រឿងសព្វាវុធរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលប្រទេសទាំងពីរកំពុងស្វះស្វែងរកការទទួលបានផ្នែកបច្ចេកវិទ្យាទាន់សម័យទៅវិញទៅមក។

បច្ចេកវិទ្យានៃការប្រើកាំរស្មីមរណៈនេះ មិនមែនជាបច្ចេកវិទ្យាដែលមានតែប្រទេសរុស្ស៊ីនោះទេ។ សេចក្តីរាយការណ៍បង្ហាញថាប្រទេសជាច្រើនដូចជាសហរដ្ឋអាមេរិក, ចិន, បារាំង, អង់គ្លេស, អ៊ីស្រាអែល, ឥណ្ឌា, ប៉ាគីស្ថាន, តួកគីនិងប្រទេសអ៊ីរ៉ង់ ក៏ជាប្រទេសដែលមានប្រើ ប្រាស់បច្ចេកវិទ្យាទាំងនោះផងដែរ៕