(មូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃសុក្រនេះថា ការលើកឡើងរបស់លោកខាងលិចដែលថា មេដឹកនាំទាហានស៊ីឈ្នួលរបស់ Wagner គឺលោក Yevgeny Prigozhin ត្រូវបានសម្លាប់តាមបញ្ជារបស់ខ្លួនគឺជា «ការប្រឌិតទាំងស្រុង» ហើយបានបដិសេធមិនបញ្ជាក់ពីការស្លាប់របស់គាត់ជាលក្ខណៈជាក់លាក់ ដែលបង្ហាញពីតម្រូវការក្នុងការរង់ចាំលទ្ធផលតេស្ត។ ​នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសុក្រ​ ទី២៥ ខែសីហា ឆ្នាំ២០២៣។

ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍បានផ្ញើសាររំលែកទុក្ខដល់គ្រួសារជនរងគ្រោះក្នុងហេតុការណ៍ធ្លាក់យន្តហោះ ដែលត្រូវបានគេរាយការណ៍ថាបានសម្លាប់ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួល Wagner លោក យេវហ្គីនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) និងសមាជិកជាន់ខ្ពស់ផ្សេងទៀតនៃក្រុមរបស់ខ្លួន។

ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានបើកការស៊ើបអង្កេតលើអ្វីដែលបានកើតឡើង ប៉ុន្តែពួកគេមិនទាន់បានបញ្ជាក់ពីមូលហេតុ ដែលនាំឱ្យយន្តហោះស្រាប់តែធ្លាក់ពីលើអាកាស នៅភាគពាយព្យនៃទីក្រុងមូស្គូនោះទេ។ ហើយពួកគេ​ក៏​មិន​បាន​បញ្ជាក់​ជា​ផ្លូវការ​ពី​អត្តសញ្ញាណ​សាកសព​១០នាក់ ​ដែល​បាន​រក​ឃើញ​ពី​បំណែក​យន្តហោះ​នោះ​ដែរ។

អ្នកនយោបាយនិងអ្នកអត្ថាធិប្បាយលោកខាងលិចបានចង្អុលបង្ហាញថាលោក ពូទីន បានបញ្ជាឱ្យសម្លាប់ លោក Prigozhin ដើម្បីដាក់ទណ្ឌកម្មគាត់សម្រាប់ការដែលហ៊ានធ្វើការបះបោរដែលបរាជ័យកាលពីថ្ងៃទី២៣-២៤ ខែមិថុនា ដែលជាបញ្ហាប្រឈមដ៏ធំបំផុត ចំពោះការគ្រប់គ្រងរបស់ លោក ពូទីន។

ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ឥឡូវនេះមានការចោទប្រកាន់ជាច្រើនមកលើរុស្ស៉ីជុំវិញការធ្លាក់យន្តហោះនេះ និងការស្លាប់ដ៏សោកនាដកម្មរបស់អ្នកនៅលើយន្តហោះ រួមទាំង Yevgeny Prigozhin ផងដែរ ហើយទាំងអស់នេះជា «ការប្រឌិតទាំងស្រុង»៕