(ហ្សាការតា)៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន បានសង្កត់ធ្ងន់ពីសារសំខាន់នៃការធ្វើទំនើបកម្មផ្នែកយោធា របស់ប្រទេសឥណ្ឌូណេស៉ី នៅក្នុងជំនួបពិភាក្សានាថ្ងៃសុក្រនេះ ជាមួយប្រមុខការពារជាតិឥណ្ឌូណេស៉ី ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន ព្យាយាមពង្រឹងចំណងទាក់ទងរបស់ខ្លួននៅតំបន់អាស៉ីអាគ្នេយ៍ ចំពោះមុខការប្រកួតប្រជែងឥទ្ធិពលភូមិសាស្រ្តនយោបាយជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក អូស្ទីន បានទទួលស្វាគមន៍រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៉ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) នៅឯមន្ទីរបញ្ចកោណ។ លោក Subianto គឺជាអតីតមេបញ្ជាការកងកម្លាំងពិសេស និងជាអ្នកនយោបាយជើងចាស់មួយរូប ដែលត្រូវគេរំពឹងថា នឹងចូលរួមឈរឈ្មោះប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៉ី នៅឆ្នាំ២០២៤។
ជំនួបរវាងអ្នកទាំងពីរកើតឡើង ស្របពេលដែលឥណ្ឌូណេស៉ី កំពុងព្យាយាមធ្វើទំនើបកម្មយោធា និងផ្លាស់ប្តូរសម្ភារៈក៏ដូចជាសព្វាវុធចាស់ៗចេញ ដោយបានបែងចែកថវិកាដល់ទៅប្រមាណ ៨.៨៩ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះសម្រាប់ប្រើប្រាស់ក្នុងវិស័យការពារជាតិ។
គួរបញ្ជាក់ថា ទីក្រុងហ្សាការតាកំពុងស្វែងរកការបង្កើនសមត្ថភាព ផ្នែកយន្តហោះចម្បាំងរបស់ខ្លួន ដែលសព្វថ្ងៃរួមមានដូចជាយន្តហោះ F-16 ដែលផលិតដោយអាមេរិក ព្រមទាំង Su-27 និង Su-30 ដែលផលិតដោយរុស្ស៉ី។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ឥណ្ឌូណេស៉ីទើបតែប្រកាសពីកិច្ចព្រមព្រៀងថ្មីមួយទៀត ស្តីពីការទិញឧទ្ធម្ភាគចក្រដឹកជញ្ជូន២៤គ្រឿង ពីក្រុមហ៊ុនអាមេរិក Lockheed Martin ក្នុងតម្លៃដែលមិនត្រូវបានបញ្ជាក់។ នៅក្នុងខែសីហាដដែលនេះ ឥណ្ឌូណេស៉ីក៏បានប្រកាសថា ខ្លួនបានទិញយន្តហោះដ្រូនថ្មី ១២គ្រឿង ពីក្រុមហ៊ុនតួកគី Turkish Aerospace ក្នុងតម្លៃ៣០០លានដុល្លារផងដែរ៕