(ប៉េកាំង)៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៣ តាមម៉ោងក្នុងតំបន់ ក្នុងសំឡេងប្រឆាំងពីប្រជាជនដ៏ច្រើនរាប់មិនអស់ រដ្ឋាភិបាលជប៉ុនបានបង្ខំឱ្យដំណើរការការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ។ ថ្ងៃនេះបានក្លាយទៅជាថ្ងៃមហន្តរាយសម្រាប់បរិស្ថានសមុទ្រសកល។ រដ្ឋាភិបាលជប៉ុនបានក្លាយទៅជា អ្នកបំផ្លាញបរិស្ថានអេកូឡូស៊ីនិងជាអ្នកបំពុលមហាសមុទ្រសកលទាំងស្រុង ដែលបន្សល់ទុកនូវស្នាមប្រឡាក់មួយទៀត ដែលមិនអាចលុបបំបាត់ចោលបានទេក្នុងប្រវត្តិសាស្ត្រ។

នេះគឺជាលើកដំបូងដែលបានបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុង សមុទ្រដែលបង្កើតឡើយដោយមនុស្ស ហើយមិនមានស្តង់ដារដោះស្រាយ ដែលត្រូវបានទទួលស្គាល់ជាទូទៅ ចាប់តាំងពីមនុស្សជាតិបានប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដោយសន្តិវិធីមក។ នេះពិតជាធ្វើឱ្យសហគមន៍អន្តរជាតិមានហានិភ័យយ៉ាងខ្លាំង។ យោងតាមផែនការរបស់ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ ជប៉ុននឹងបង្ហូរទឹកសំណល់នុយក្លេអ៊ែរចំនួន ៧៨០០តោនក្នុងរយៈពេល១៧ថ្ងៃ។នៅឆ្នាំ២០២៣ គេរំពឹងថានឹងបង្ហូរប្រហែល៣១២០០តោន។ អ្នកជំនាញព្យាករណ៍ថា បច្ចុប្បន្ននេះជប៉ុនមានទឹកសំណល់នុយក្លេអ៊ែរ ប្រហែល១.៣លានតោន ហើយរយៈពេលនៃការបង្ហូរអាចមានរយៈពេលពី៣០ទៅ៥០ឆ្នាំ។ការក្លែងធ្វើការសិក្សាស្រាវជ្រាវពាក់ព័ន្ធបង្ហាញថា ទឹកសំណល់នុយក្លេអ៊ែរប្រហែលនឹងទៅដល់ ឆ្នេរសមុទ្រអាមេរិកខាងជើងនៅខែវិច្ឆិកាឆ្នាំ២០២៦ ហើយស្ទើរតែគ្របដណ្ដប់មហាសមុទ្រប៉ាស៊ីហ្វិកខាងជើង ទឹកសំណល់នុយក្លេអ៊ែរនឹងរាលដាលដល់មហាសមុទ្រឥណ្ឌា នៅខែកុម្ភៈឆ្នាំ២០៣០និងរាលដាលដល់ស្ទើរតែ មហាសមុទ្រប៉ាស៊ីហ្វិកទាំងមូលក្នុងរយៈពេល១០ឆ្នាំក្រោយ។

តើនេះមានន័យអ្វីសម្រាប់មនុស្សជាតិ? ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា មានផ្ទុកសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរ ជាង៦០ប្រភេទ ហើយពាក់កណ្តាលជីវិតរបស់ពួកគេអាច មានរយៈពេលជាពីរបីឆ្នាំ រាប់សិបឆ្នាំ រាប់ពាន់ឆ្នាំឬរាប់រយពាន់ឆ្នាំ។ ម្យ៉ាងទៀត ក្នុងដំណើរបង្ហូរចូលទៅក្នុងសមុទ្រ ដែលមានរយៈពេលយ៉ាងយូរ តើឧបករណ៍បង្ហូរចូលទៅក្នុងសមុទ្រ អាចដំណើរការប្រកបដោយប្រសិទ្ធិភាពដែរឬទេ? តើវិធានការគ្រប់គ្រងនិងយន្តការស្ទង់ពិនិត្យអាចបន្តបានទេ? ជប៉ុនមិនដែលផ្តល់ចម្លើយទេ នឹងមិនអាចផ្តល់ចម្លើយដែរ។

១២ឆ្នាំមុន ហេតុការណ៍នុយក្លេអ៊ែរហ្វូគូស៊ីម៉ាបានបញ្ចេញសារធាតុវិទ្យុសកម្មយ៉ាងច្រើនចូលទៅក្នុងសមុទ្រ បណ្តាលឱ្យមានគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ។១២ឆ្នាំក្រោយ ភាគីជប៉ុនបានបង្ខំឱ្យបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ ក្នុងសភាពការណ៍ដែលមិនបានបញ្ជាក់ថា ឧបករណ៍ចម្រោះទឹកបំពុលនុយក្លេអ៊ែរអាចទុកចិត្តបានក្នុងរយៈពេលយូរ មិនបានបញ្ជាក់ថាការបង្ហូរចូលទៅក្នុងសមុទ្រ មិនមានគ្រោះថ្នាក់ដល់បរិស្ថានសមុទ្រនិងសុខភាពមនុស្ស ហើយមិនបានពិគ្រោះពិភាក្សាដោយពេញលេញ ជាមួយភាគីដែលមានផលប្រយោជន៍ពាក់ព័ន្ធ ដែលបានបណ្តាលឱ្យបង្កជាផលប៉ះពាល់លើកទី២ ដល់ប្រជាជនក្នុងតំបន់ រហូតដល់ប្រជាជនពិភពលោក។

បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានទទូចឱ្យដំណើរការ ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ ឥស្សរជនគ្រប់មជ្ឈដ្ឋានដូចជាឧស្សាហកម្មនេសាទជប៉ុន ជាដើមបាននាំគ្នាធ្វើការតវ៉ា ទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ផែនការនេះ ដោយចង្អុលបង្ហាញថា"នេះនឹងនាំមកនូវគ្រោះមហន្តរាយដល់មនុស្សជំនាន់ក្រោយ"។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនសំខាន់ៗមួយចំនួន ក៏បានចុះផ្សាយអត្ថបទដោយរិះគន់រដ្ឋាភិបាលជប៉ុនថា ខ្វះភាពស្មោះត្រង់និងគ្មានទំនួលខុសត្រូវ ហើយការប្រញាប់ប្រញាល់បង្ហូរ ទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ" នឹងបន្សល់ទុកនូវគ្រោះចង្រៃកាន់តែធំសម្រាប់អនាគត"។ ថ្ងៃទី២៤ខែសីហា ភាគីកូរ៉េខាងត្បូងបានថ្លែងថា នឹងរក្សាការហាម ឃាត់ការនាំចូលផលិតផលជលផលហ្វូគូស៊ីម៉ាប្រទេសជប៉ុន។ភាគីចិនបានប្រកាសថា ចាប់ពីថ្ងៃទី២៤ខែសីហាតទៅនឹងផ្អាកទាំងស្រុង នូវការនាំចូលផលិតផលជលផលដែលមានប្រភពដើមមកពីប្រទេសជប៉ុន។

ហេតុការណ៍កើតឡើងខ្លួនឯង ធ្វើឱ្យអ្នកដទៃរងទុក្ខ—ប្រទេសជប៉ុនបែបនេះគួរធ្វើឱ្យពិភពលោកមានការប្រុងប្រយ័ត្ន។ ថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣ រដ្ឋាភិបាលជប៉ុនបានផ្សារភ្ជាប់ខ្លួនជាមួយភាពអាម៉ាស់នៃប្រវត្តិសាស្ត្រម្តងទៀត។ អ្វីដែលវាត្រូវប្រឈមមុខនោះ គឺការថ្កោលទោសយ៉ាងខ្លាំងពីពិភពលោកទាំងមូល ការធ្វើពាហិការយ៉ាងតឹងរ៉ឹងពីគ្រប់ប្រទេស និងការទាមទារសំណងពីសហគមន៍អន្តរជាតិ៕

អត្ថបទ និងរូបភាព ដោយវិទ្យុមិត្តភាពកម្ពុជាចិន