(ប៉េកាំង)៖ ដើម្បីបន្តវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួន ក្រុមប្រទេស BRICS ដែលបានចាប់បដិសន្ធិនាថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១១ ដោយចាប់ចេញដំណើរពីBRICនៅឆ្នាំ២០០១ ហើយបើយោងតាមទិន្នន័យធនាគារពិភពលោក(World Bank) ចាប់តាំងពីដើមសតវត្សទី២១មក បណ្តាប្រទេស BRICS ត្រូវបានចាត់ទុកថាជាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ខ្លាំងបំផុត ទាំងប្រាំក្នុងពិភពលោកដែលរួមបញ្ចូលគ្នាមាន៤១% នៃចំនួនប្រជាជនពិភពលោកសរុប២៤% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងជាង១៦% ជាចំណែកនៅក្នុងវិស័យពាណិជ្ជកម្មពិភពលោក ព្រមទាំងមានផលិតផលក្នុងស្រុកសរុប(GDP) ក្នុងឆ្នាំ២០២២ប្រមាណជាង២៦ទ្រីលានដុល្លារអាមេរិក ដែលក្នុងនោះផលិតផលក្នុងស្រុកសរុប(GDP) ក្នុងឆ្នាំ២០២២របស់ប្រទេសចិនមានប្រមាណជាង១៨ទ្រីលានដុល្លារអាមេរិក ហើយគិតត្រឹមបច្ចុប្បន្ន ទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេស BRICS បានកើនដល់ចំនួនប្រហែល១/៤នៃទំហំសេដ្ឋកិច្ចពិភពលោក បានបំពេញតាមតម្រូវការរួមរបស់ក្រុមប្រទេសBRICSសម្រាប់ការអភិវឌ្ឍ ហើយកិច្ចសហប្រតិបត្តិការនោះនឹងនៅស្ថិតស្ថិរជាមួយ នឹងនិន្នាការប្រវត្តិសាស្ត្រ។ ថ្វីបើក្រុមប្រទេសBRICSមានលក្ខខណ្ឌក្នុងប្រទេសខុសៗគ្នាក៏ដោយ ក៏ក្រុមប្រទេសBRICSបានចូលរួមប្តេជ្ញាជាមួយគ្នាក្នុងការបន្តការអភិវឌ្ឍ និងវិបុលភាពតាមរយៈភាពជាដៃគូសហការផងដែរ។ ការណ៍នេះប្រទេសចិនបានជួយឲ្យក្រុមប្រទេសBRICSយកឈ្នះនូវភាពខុសគ្នារវាងគ្នា ហើយស្វែងរកការផ្តល់ផលប្រយោជន៍រួម និងឈ្នះ-ឈ្នះ។

ដើម្បីធានាបាននូវការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងយន្តការពហុភាគីនិយម ពិភពលោកនៅចាំបានថាក្នុងអំឡុងពេលធ្វើជា ប្រទេសចិនជាប្រធានប្តូរវេននៃវេទិកាកំពូលរបស់BRICS ឆ្នាំ២០២២ ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលធានាដល់ការថែរក្សាសន្តិសុខ និងសន្តិភាពរបស់ពិភពលោក ដោយមិនបែងចែកប្រព័ន្ធនយោបាយ លក្ខណៈភូមិសាស្រ្ត និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់បណ្តាប្រទេសនានា ស្របនឹងទស្សនៈរបស់លោក Xi Jinping ដែលបានលើកឡើងថា ច្បាប់អន្តរជាតិត្រូវអនុលោមតាមកម្មវត្ថុ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ត្រូវតាក់តែងឡើងនិងគាំពារដោយ មនុស្សទាំងអស់គ្នា។ មិនអាចថាអ្នកណាខ្លាំង ក៏អ្នកនោះជាអ្នកសម្រេចនោះទេ រហូតដល់បង្កើតបក្សសម្ព័ន្ធ ចាត់ទុកច្បាប់របស់បក្ខពួកថាជាច្បាប់អន្តរជាតិ។ ប្រទេស BRICS ត្រូវអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ដើម្បីគាំពារប្រព័ន្ធអន្តរជាតិដែលមាន អង្គការសហប្រជាជាតិជាស្នូល។ លើសពីនេះទៀត ប្រទេសចិនបានអំពាវនាវឱ្យមានការលើកទឹកចិត្ត យ៉ាងសកម្មដល់ប្រទេសសមាជិកថ្មីឱ្យចូលរួមជាមួយ BRICS ក្នុងទម្រង់ BRICS+ ដែលជាពិសេសក្នុងឆ្នាំ២០២៣នេះ វេទិកាកំពូលនៃបណ្តាប្រទេសBRICS លើកទី១៥ នឹងនាំមកនូវធាតុចូលនិងគំនិតថ្មីៗដល់ការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់ពិភពលោកដោយមានគំរូភាព និងបទពិសោធន៍ល្អៗពីប្រទេសចិនក្នុងការថែរក្សាសន្តិភាព និងកិច្ចអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការទូតសន្តិភាព។

ដើម្បីរក្សានូវភក្តីភាពចំពោះសហគមន៍រួមវាសនា នៃមនុស្សជាតិលើសុខដុមនីយកម្មរវាងគ្នានិងគ្នា ដែលជាហ្សែនរបស់ជនជាតិចិនតាំងពីបុរាណកាលមក ប្រទេសចិនតែងជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចឱ្យមានការបើកចំហ បរិយាប័ន្ន មានតុល្យភាព និងផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា កសាងសេដ្ឋកិច្ចពិភពលោកបើកចំហ គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ហើយប្រឆាំងនឹងគោលនយោបាយគាំពារនិយម។ ប្រទេសចិនតែងជំរុញកំណែទម្រង់ អភិបាលកិច្ចសេដ្ឋកិច្ចជាសកល បង្កើនការតំណាង និងសិទ្ធិនៃការបញ្ចេញមតិរបស់ប្រទេសទីផ្សារដែលលេចរូបរាងឡើង ក៏ដូចជាបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលកំពុងរីកចម្រើន បញ្ចូលកម្លាំងចលករថ្មីទៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាគម្លាតនៃការអភិវឌ្ឍរវាងបណ្តាក្រុមប្រទេសនានា ហើយជំរុញកំណើនសេដ្ឋកិច្ចជាសកល ស្របនឹងទស្សនៈរបស់លោក Xi Jinping បានលើកឡើងទៀតថា ត្រូវឱ្យធនាគារអភិវឌ្ឍន៍ថ្មីដើរតួនាទីកាន់តែសំខាន់ ដើម្បីជំរុញការធ្វើកំណែទម្រង់នៃប្រព័ន្ធរូបិយវត្ថុ និងហិរញ្ញវត្ថុអន្តរជាតិ ដើម្បីលើកកម្ពស់សិទ្ធិបញ្ចេញមតិ និងភាពជាតំណាងរបស់ប្រទេសកំពុងអភិវឌ្ឍន៍។

ដើម្បីបន្តស្មារតីនៃភាពជាដៃគូសហការដែលជ្រោមជ្រែងដោយ មនុស្សគ្រប់រូបក្នុងបុព្វហេតុដ៏សក្ដិសមដែលសមស្របទៅនឹង ការប្តេជ្ញាចិត្តដ៏យូរអង្វែងនិងធ្វើឲ្យកិច្ចសហប្រតិបត្តិការរបស់ ក្រុមប្រទេសBRICSមានភាពរស់រវើក ប្រទេសចិនតែងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដោយប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ជាមួយក្រុមប្រទេសBRICSនៅក្នុងចំណងមិត្តភាពរវាងប្រជាជន ដែលនេះគឺជាគន្លឹះដ៏សំខាន់ក្នុងការធ្វើឲ្យមានទំនាក់ទំនងល្អរវាងរដ្ឋនិងរដ្ឋ។ ប្រទេសចិនតែងមើលថែទាំដោយយកចិត្តទុកដាក់លើ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទើបអាចធ្វើឲ្យដើមឈើនៃមិត្តភាពនិង កិច្ចសហប្រតិបត្តិការនៃក្រុមប្រទេសBRICSនិងបណ្តាប្រទេសនានាក្នុងពិភពលោកបានរីកធំធាត់ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក រវាងយុវជនបន្តវេន ដូចជាកម្មវិធីស្ពានភាសាចិន កម្មវិធីបោះជំរុំនានានៅក្នុងប្រទេសចិនជាដើម។ ក្នុងវិស័យផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន លោក Xi Jinping បានលើកឡើងថា អរិយធម៌គឺចម្រុះបែបមាគ៌ាអភិវឌ្ឍន៍ក៏មាន ជម្រើសច្រើនបែបយ៉ាងដែរ នេះជាសភាពដែលពិភពលោកគួរតែមាន។ ប្រទេស BRICS ត្រូវផ្សព្វផ្សាយស្មារតីប្រមូលផ្តុំជាទូទៅដូចទឹកសមុទ្រ ដែលប្រមូលទឹកទន្លេរាប់រយរាប់លានខ្សែ គួរផ្តួចផ្តើមឱ្យអរិយធម៌ខុសគ្នារួមរស់ដោយសន្តិភាព ត្រូវគោរពមាគ៌ាធ្វើទំនើបកម្មដែលប្រទេសនានាបានជ្រើសរើស។

ដើម្បីចូលរួមនៅក្នុងចរន្តនៃការអភិវឌ្ឍសកល ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ របស់ពិភពលោកបានដើរតួយ៉ាងសំខាន់នៅក្នុង ក្រុមប្រទេសBRICS ហើយសេដ្ឋកិច្ចរបស់ប្រទេសចិនគឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចរបស់ក្រុមប្រទេសBRICS ហើយប្រទេសចិនក៏ជាកត្តាសំខាន់ ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។ លើសពីនេះ ក្នុងនាមជាសមាជិកស្នូលមួយរបស់ក្រុមប្រទេស BRICS ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ផលប្រយោជន៍សេដ្ឋកិច្ចនិងនយោបាយរបស់បណ្តាប្រទេសនានា​ រួមទាំងតាមរយៈការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសចិនជាមួយសមាជិកដទៃទៀត ដោយប្រទេសចិនតែងគាំទ្រយ៉ាងសកម្មដល់ធនាគារអភិវឌ្ឍន៍ថ្មី (NDB)ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៤ និងគណៈកម្មាធិការសម្របសម្រួលស្ថិរភាពហិរញ្ញវត្ថុ។

ជាសច្ចភាពដែលយើងមិនអាចប្រកែកបាន នៅក្នុងទសវត្សកន្លងទៅ ពិភពលោកបានសង្កេតឃើញយ៉ាងច្បាស់ ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ របស់ប្រទេសចិនដែលបានជំរុញ និងលើកទឹកចិត្តដល់ក្រុមប្រទេសBRICS ក្នុងការបន្តការអភិវឌ្ឍនិងភាពជាដៃគូសហការកាន់តែស៊ីជ្រៅ។ គំនិតផ្តួចផ្តើមទាំង៤របស់ប្រទេសចិនគឺជាការចាប់ផ្តើម ជាប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេស BRICS ដើម្បីពង្រីកនិងដើរតួនាទីកាន់តែសកម្មជាងមុន នៅក្នុងដំណោះស្រាយបញ្ហាសកល។ ស្របនឹងទស្សនៈរបស់លោក Xi Jinping ដែលប្រកាន់ខ្ជាប់ថាមនុស្សជាតិជាមហាគ្រួសារ ដែលរួមជោគវាសនា សន្តិសុខសកលតភ្ជាប់គ្នាយ៉ាងជិតដិត ហើយក៏ជាការឆ្លើយតបដ៏វិជ្ជមានចំពោះបំណងប្រាថ្នារបស់ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលចង់សម្រេចអភិបាលកិច្ចសកលដោយយុត្តិធម៌ និងមានសេដ្ឋកិច្ចរីកចម្រើន ទើបប្រទេសចិនបានរួមកម្លាំងគ្នាជាមួយក្រុមបណ្តាប្រទេសBRICS ក្នុងការបើកផែនទីបង្ហាញផ្លូវសម្រាប់ទសវត្សរ៍មាសទី២ នៃកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសBRICS ហើយនាំយកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជន របស់ប្រទេសទាំងប្រាំនិងប្រជាជននៅជុំវិញពិភពលោក ស្របតាមទស្សនវិជ្ជាស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិដែលមានអាយុកាល១ទសវត្សរ៍មកហើយ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន