(អ៉ីស្លាម៉ាបាដ)៖ ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានព្រមាននៅថ្ងៃសុក្រនេះថា មួយឆ្នាំក្រោយពីមានគ្រោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញរបស់ប៉ាគីស្ថាន កុមារប្រមាណ ៤លាននាក់ នៅតែបន្តត្រូវការជំនួយមនុស្សធម៌ និងការទទួលបានសេវាសំខាន់ៗ ដោយសារតែការខ្វះខាតថវិកាក្នុងការស្តារឡើងវិញ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣។
អង្គការយូនីសេហ្វ បានចេញការព្រមានចំពេលដែលអាជ្ញាធរខេត្តពុនចាប់ (Punjab) ភាគខាងកើតប្រទេសប៉ាគីស្ថាន កំពុងសស្រាក់សស្រាំជម្លៀស មនុស្សចេញពីតំបន់រងគ្រោះដោយទឹកជំនន់ទន្លេ Sutlej ចាប់តាំងពីថ្ងៃទី១ ខែសីហាមក។ ក្រុមសង្រ្គោះបានជម្លៀសមនុស្សជាង ១០០,០០០នាក់ចេញពីស្រុកខាសួរ (Kasur) និងបាហាវ៉ាលពួរ (Bahawalpur)។
សេចក្តីថ្លែងការណ៍របស់អង្គការយូនីសេហ្វ បានបញ្ជាក់ថា ភ្លៀងមូសុងនៅរដូវកាលនេះកំពុងបន្ថែមភាពលំបាក សម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នាពេលកន្លងមក។ តាមការប៉ាន់ស្មាន មនុស្សប្រហែល ៨លាននាក់ ដែលក្នុងនោះមានពាក់កណ្តាលជាកុមារ បន្តរស់នៅដោយគ្មានទឹកស្អាតប្រើប្រាស់នៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់។ កុមារជាង ១.៥លាននាក់ នៅតែត្រូវការអន្តរាគមន៍ផ្នែកអាហារូបត្ថម្ភសង្គ្រោះជីវិត ហើយការអំពាវនាវរកជំនួយជាង ១៧៣លានដុល្លាររបស់យូនីសេហ្វដើម្បីដោះស្រាយបញ្ហានេះ ទទួលបានមូលនិធិត្រឹមតែ ៥៧ភាគរយប៉ុណ្ណោះ។
គួរបញ្ជាក់ថា ទឹកជំនន់ក្នុងប្រទេសប៉ាគីស្ថាន កាលពីឆ្នាំ ២០២២ បណ្តាលឲ្យខូចខាតគិតជាទឹកប្រាក់ជាង ៣០ពាន់លានដុល្លារអាមេរិក ប៉ះពាល់ដល់មនុស្សចំនួន ៣៣លាននាក់ និងសម្លាប់មនុស្សជិត ២,០០០នាក់។ ទឹកជំនន់បានបំផ្លាញសាលារៀនចំនួន ៣០,០០០កន្លែង កន្លែងផ្តល់សេវាសុខភាពចំនួន ២,០០០កន្លែង និងប្រព័ន្ធផ្គត់ផ្គង់ទឹកចំនួន ៤,៣០០កន្លែង៕