(ឡុងដ៏)៖ ក្រសួងការពារជាតិអង់គ្លេស នៅថ្ងៃសុក្រនេះបានលើកឡើងថា មិនទាន់មានភស្តុតាងជាក់ស្តែងនៅឡើយទេ ដែលថាថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក យេវហ្គីនីព្រី ហ្គោហ្ស៉ីន (Yevgeny Prigozhin) ពិតជាស្ថិតនៅលើយន្តហោះដែលធ្លាក់កាលពីដើមសប្តាហ៍នេះ ប៉ុន្តែវាមានលទ្ធភាពខ្ពស់ខ្លាំងដែលថា លោកពិតជាបានស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣។

ក្រសួងការពារជាតិអង់គ្លេស បានឲ្យដឹងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានសម្ងាត់ យ៉ាងដូច្នេះថា «មិនមានភស្តុតាងណាមួយបញ្ជាក់ថា លោក ព្រីហ្គោហ្ស៉ីន ស្ថិតនៅលើយន្តហោះនោះទេ ហើយលោកគឺជាបុគ្គលដែលអនុវត្តវិធានការសន្តិសុខរឹងមាំខ្លាំង។ ទោះយ៉ាងណា វាមានលទ្ធភាពខ្ពស់ខ្លាំង ដែលរូបលោកពិតជាបានស្លាប់មែន»

គួរបញ្ជាក់ថា បើតាមអាជ្ញាធររុស្ស៉ី លោក ព្រីហ្គោហ្ស៉ីន ស្ថិតក្នុងបញ្ជីឈ្មោះអ្នកដំណើរនៅលើយន្តហោះ ដែលបានធ្លាក់លើភាគពាយ័ព្យ នៃទីក្រុងមូស្គូ កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ ពីរខែបន្ទាប់ពីលោកដឹកនាំការបះបោរមិនបានសម្រេចប្រឆាំងនឹងក្រសួងការពារជាតិរុស្ស៉ី។ រុស្ស៉ីកំពុងធ្វើការស៊ើបអង្កេត ប៉ុន្តែមិនទាន់បញ្ជាក់ជាផ្លូវការអំពីអត្តសញ្ញាណ នៃសាកសពមនុស្សទាំង ១០នាក់ ដែលយកបានពីកន្លែងធ្លាក់យន្តហោះនៅឡើយ៕