(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានបើកកិច្ចពិភាក្សាដោយស្មោះត្រង់និងស៉ីជម្រៅជាមួយគ្នា ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹង នៅបណ្តោយព្រំដែនចិន-ឥណ្ឌា ដែលមានបញ្ហាវិវាទ បន្ទាប់ពីការជួបមុខគ្នាដ៏កម្រមួយរវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣។

ទំនាក់ទំនងរវាងចិននិងឥណ្ឌាបានស្ថិតក្នុងសភាពដុនដាបខ្លាំង ចាប់តាំងពីការប៉ះទង្គិចគ្នានៅតំបន់ព្រំប្រទល់ជួរភ្នំហិម៉ាល័យ ដែលបានផ្តាច់​ជីវិតិទាហានឥណ្ឌា២០នាក់ ព្រមទាំងទាហានចិនយ៉ាងហោច៤នាក់ កាលពីឆ្នាំ២០២០។ ចាប់តាំងពីពេលនោះមក កងទ័ពចិននិងឥណ្ឌារាប់ម៉ឺននាក់ ត្រូវបាន​ប្រមូលផ្តុំនៅសងខាងតំបន់ព្រំប្រទល់នោះ ហើយនៅរក្សាវត្តមានរហូតមកទល់បច្ចុប្បន្ន បើទោះបីមានកិច្ចសន្ទនាជាច្រើនជុំ រវាងក្រុមមន្រ្តីយោធា​ជាន់ខ្ពស់នៃប្រទេសទាំងពីរក៏ដោយ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មេដឹកនាំចិននិងឥណ្ឌាបានជួបគ្នា អំលុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS នៅឯប្រទេសអាហ្រ្វិកខាងត្បូង។ ក្រសួងការបរទេសចិន បានហៅជំនួបនោះថា គឺជាការជជែកដោះដូរទស្សនៈគ្នាមួយ ដែលប្រព្រឹត្តទៅដោយស្មោះត្រង់និងស៉ីជម្រៅ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងយ៉ាងដូច្នេះថា ​«លោកប្រធានាធិបតី ស៉ី បានសង្កត់ធ្ងន់ថា ការធ្វើឱ្យប្រសើរឡើងនូវ​ទំនាក់ទំនងចិន-ឥណ្ឌា នឹងបម្រើដល់ផលប្រយោជន៍រួមរវាងប្រទេសនិងប្រជាជនទាំងសងខាង។ ភាគីទាំងពីរគួរចងចាំក្នុងចិត្តនូវផល​ប្រយោជន៍រួមក្នុងទំនាក់ទំនងទ្វេភាគី ហើយដោះស្រាយបញ្ហាព្រំដែនដោយត្រឹមត្រូវ ដើម្បីអាចរួមគ្នារក្សាសុខសន្តិភាព»។

គួរបញ្ជាក់ថា លោក ស៉ី និងលោក ម៉ូឌី ធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍កិច្ចប្រជុំការទូតពហុភាគីជាច្រើន គិតចាប់តាំងពីការផ្ទុះជម្លោះ​នៅព្រំដែនឆ្នាំ២០២០មក។ ប៉ុន្តែជំនួបកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គឺជាការជួបមុខគ្នាផ្ទាល់លើកដំបូងបំផុតរវាងមេដឹកនាំទាំងពីរ ក្រោយការជួបធ្វើប្រាស្រ័យទាក់ទងគ្នាតែមួយភ្លែត អំលុងកិច្ចប្រជុំកំពូល G20 នៅកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២៕