(ស៉ីដនី)៖ នៅថ្ងៃសុក្រនេះ ​រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាល (Richard Marles) បាននិយាយថា ប្រទេសអូស្រ្តាលីមានផលប្រយោជន៍ផ្នែកសន្តិសុខ នៅសមុទ្រចិនខាងត្បូង ហើយនឹងធ្វើការឱ្យកាន់តែជិតស្និទ្ធជាងមុនថែមទៀត ជាមួយប្រទេសហ្វីលីពីន ជុំវិញការធ្វើប្រតិបត្តិការល្បាតរួមគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣។

លោក​ ម៉ាល បានថ្លែងដូចខាងលើ អំលុងពេលរូបលោកពិនិត្យមើលការធ្វើសមយុទ្ធយោធារួម រវាងអូស្រ្តាលីនិងហ្វីលីពីន។ កងកម្លាំងការពារជាតិ​ប្រមាណជាង ២,០០០នាក់ របស់អូស្រ្តាលីនិងហ្វីលីពីន កំពុងចូលរួមក្នុងសមយុទ្ធទ្រង់ទ្រាយធំមួយ ដែលប្រព្រឹត្តទៅនៅមូលដ្ឋានយោធារបស់ហ្វីលីពីន ក្បែរតំបន់សមុទ្រចិនខាងត្បូងដែលមានបញ្ហាវិវាទ។ ការធ្វើសមយុទ្ធនោះផ្តោតទៅលើការដណ្តើមកាន់កាប់កោះ ហើយក៏មានការប្រើប្រាស់យន្តហោះចម្បាំងនិងនាវាចម្បាំង​​ផងដែរ។ វាគឺជាសមយុទ្ធយោធាទ្រង់ទ្រាយធំទ្វេភាគី លើកដំបូងរវាងប្រទេសទាំងពីរ ហើយកើតមានឡើងស្របពេលដែល ហ្វីលីពីនកំពុងមានភាពតានតឹង​ជាថ្មីជាមួយចិន នៅតំបន់សមុទ្រចិនខាងត្បូង។

លោកប្រមុខការពារជាតិអូស្រ្តាលី បានលើកឡើងថា ទំនាក់ទំនងការពារជាតិរវាងអូស្រ្តាលីនិងហ្វីលីពីន កំពុងតែរីកចម្រើនយ៉ាងខ្លាំង ហើយ​ភាគីអូស្រ្តាលីចង់ឱ្យមាន ការល្បាតរួមគ្នាបន្ថែមទៀត ជាមួយខាងយោធាជើងទឹកហ្វីលីពីន។ លោក ម៉ាល បានបន្តទៀតថា ការធ្វើពាណិជ្ជកម្ម​របស់ប្រទេសអូស្រ្តាលី ភាគច្រើនធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយការប្រកាន់ខ្ជាប់នូវសណ្តាប់ធ្នាប់អន្តរជាតិ គឺជាផលប្រយោជន៍​យុទ្ធសាស្រ្តរួមមួយ ជាមួយហ្វីលីពីន។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អូស្រ្តាលី ជប៉ុន និងហ្វីលីពីន បានធ្វើប្រតិបត្តិការល្បាតរួមគ្នាមួយ ប៉ុន្តែនាវាចម្បាំងរបស់អាមេរិក ខកខានមិនបានចូលរួម តាមការគ្រោងទុក។ កន្លងទៅនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បាននិយាយថា រូបលោកនឹងបំពេញទស្សនកិច្ចទៅកាន់ហ្វីលីពីននាខែក្រោយ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការការពារជាតិ ខណៈវានឹងជាទស្សនកិច្ចដំបូងបំផុតធ្វើឡើងដោយមេដឹកនាំអូស្រ្តាលី ទៅកាន់ទីនោះ ក្នុងរយៈពេលប្រមាណជា២០ឆ្នាំ៕