(ព័រវីឡា)៖ នាយករដ្ឋមន្រ្តីហ្វីជី លោក ស៉ីទីវេនី រ៉ាប៊ូកា (Sitiveni Rabuka) បានិយាយថា ក្រុមប្រទេសដែនកោះនៅតំបន់ប៉ាស៉ីហ្វិក គួរតែជាតំបន់មួយនៃសុខសន្តិភាព ហើយលោករំពឹងថា ការប្រកួតប្រជែងឥទ្ធិពលគ្នារវាងសហរដ្ឋអាមេរិកនិងចិន នៅក្នុងតំបន់យុទ្ធសាស្រ្តមួយនេះ នឹងមិនវិវឌ្ឍទៅជាសង្រ្គាមឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣។
លោក រ៉ាប៊ូកា បានថ្លែងដូចខាងលើ ក្រោយចូលរួមកិច្ចប្រជុំកំពូលមួយ រវាងមេដឹកនាំនៃប្រទេសដែនកោះប៉ាស៉ីហ្វិកមួយចំនួន ហើយបញ្ហាពាក់ព័ន្ធទៅនឹងការប្រែប្រួលអាកាសធាតុ និងសន្តិសុខក្នុងតំបន់ គឺជាប្រធានបទចម្បងនៅក្នុងរបៀបវារៈ។ មេដឹកនាំនៃប្រទេសស៉ូឡូម៉ុន វ៉ានូទូ ប៉ាពូអាស៉ីនូវែលហ្គីណេ ហ្វីជី និងគណបក្សកាន់អំណាច FLNKS នៃដែនកោះ នូវែលកាឡេដូនី (New Caledonia) បានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅប្រទេសដែនកោះ វ៉ានូទូ។
លោកនាយករដ្ឋមន្រ្តីហ្វីជី បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃសុក្រនេះយ៉ាងដូច្នេះថា «ពួកគេកំពុងព្យាយាមបែងចែកប៉ាស៉ីហ្វិក ទៅជាជំរំបក្ខពួករបស់ពួកគេ ដូច្នេះហើយពួកយើងត្រូវតែប្រាកដប្រជាបំផុតថា អ្វីៗដែលយើងធ្វើគឺពួកយើងគិតគូរអំពី តម្រូវការរួមដែលចង់ឱ្យប៉ាស៉ីហ្វិកជាតំបន់មួយនៃសុខសន្តិភាព ជាតំបន់មួយដែលមិនចូលបក្សសម្ព័ន្ធ។ យើងសង្ឃឹមថា ការប្រជែងឥទ្ធិពលរវាងមហាអំណាច នឹងមិនវិវឌ្ឍទៅជាជម្លោះយោធា ឬឈានដល់ដំណាក់កាលមួយ ដែលនឹងមើលឃើញការប្រមូលផ្តុំកងកម្លាំងយោធាឬសព្វាវុធ នៅក្នុងតំបន់នេះឡើយ»។
គួរបញ្ជាក់ថា ដែនកោះប៉ាស៉ីហ្វិកទាំង៥ខាងលើ ដែលមានទីតាំងសំខាន់សម្រាប់ផ្នែកយុទ្ធសាស្រ្ត ដោយស្ថិតនៅតំបន់ប៉ាស៉ីហ្វិកខាងត្បូង ហើយធ្លាប់មានសារសំខាន់ខ្លាំង កាលពីអំលុងសម័យសង្រ្គាមលោកលើកទី២ នាពេលនេះកំពុងតែស្ថិតនៅចំណុចកណ្តាល នៃការប្រជែងឥទ្ធិពលភូមិសាស្រ្តនយោបាយសាជាថ្មីម្តងទៀត គឺសូឡូម៉ុនបានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន ហើយប៉ាពូអាស៉ីនូវែលហ្គីណេ បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសហរដ្ឋអាមេរិក ខណៈហ្វីជីកាលពីសប្តាហ៍មុនបានរួមគ្នាជាមួយអាមេរិក ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រមុខការពារជាតិនៃតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលមានវត្តមានចិនចូលរួមផងដែរ៕