(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនបណ្តាញផ្គត់ផ្គង់អគ្គិសនីរបស់សហរដ្ឋអាមេរិកចំនួន ២ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញការព្រមានអំពីលទ្ធភាព នៃការខ្វះខាតថាមពល ដោយសារតែរលកកម្ដៅដ៏ខ្លាំងក្លាគ្របដណ្តប់លើរដ្ឋតិចសាស់ និងរដ្ឋក្នុងតំបន់ភាគកណ្តាល។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣។

ក្រុមហ៊ុនបណ្តាញផ្គត់ផ្គង់អគ្គិសនីនៃរដ្ឋតិចសាស់ ERCOT ដែលធ្វើប្រតិបត្តិការផ្គត់ផ្គង់អគ្គិសនីដល់អតិថិជនជាង ២៦លាននាក់ បានអំពាវនាវឲ្យ មានការចូលរួមសន្សំសំច្ចៃការប្រើប្រាស់ថាមពលដោយស្ម័គ្រចិត្ត និងស្នើដល់និយតកររដ្ឋ កំណត់កម្រិតស្តង់ដារគុណភាពខ្យល់។ ERCOT បានឲ្យដឹងថាខ្លួនកំពុងប្រឈមមុខនឹងបញ្ហាដោយសារតែការផលិតថាមពលអគ្គិសនីពីកង្ហារខ្យល់មានកម្រិតទាប ក្នុងពេលមានការប្រើប្រាស់ ថាមពលខ្ពស់។ អាស្រ័យហេតុនេះ ការផ្គត់ផ្គង់ថាមពលអាចនឹងត្រូវកាត់បន្ថយ ៩៥មេហ្គាវ៉ាត់នៅវេលាម៉ោង ៧ និង ៥៥នាទីយប់ (ម៉ោង​ក្នុងតំបន់)។ បើតាមគេហទំព័រតាមដានអាកាសធាតុ AccuWeather សីតុណ្ហភាពនៅទីក្រុងហ៊ូស្តុន (Houston) ដែលជាទីក្រុងធំ បំផុតក្នុងរដ្ឋតិចសាស់ អាចឡើងដល់ជាង ៤១អង្សាសេ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

គួរបញ្ជាក់ថា អ្នករស់នៅក្នុងរដ្ឋតិចសាស់ កំពុងមានការព្រួយបារម្ភអំពីបាតុភូតអាកាសធាតុបែបនេះ បន្ទាប់ពីព្យុះរដូវរងាដ៏កំណាចមួយកាលពី ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើឲ្យមនុស្សរាប់លាននាក់គ្មានថាមពលអគ្គិសនី ទឹក និងកំដៅ ប្រើប្រាស់ជាច្រើនថ្ងៃ៕