(តៃប៉ិ)៖ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអេស្វាទីនី (Eswatini) ដែលជា សម្ព័ន្ធមិត្តការទូតចុងក្រោយបំផុតមួយរបស់តៃវ៉ាន់ក្នុងតំបន់អាហ្រ្វិក នៅដើមខែកញ្ញាខាងមុខនេះ ដើម្បីពង្រឹងទំនាក់ទំនងបន្ថែម។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣។

តៃវ៉ាន់ដែលត្រូវបានចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន ក្នុងពេលបច្ចុប្បន្នមានទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសចំនួន ១៣ប៉ុណ្ណោះ និង ស្ទើរតែទាំងអស គឺជាប្រទេសតូចមិនសូវមានការអភិវឌ្ឍ ក្នុងតំបន់អាមេរិកឡាទីន ការីបៀន (Caribbean) និងតំបន់ប៉ាស៊ីហ្វិក។ កាលពីខែមីនា កន្លងទៅនេះ ហុងឌូរ៉ាស់បានប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដើម្បីងាកទៅរកចិនវិញ។ បើតាមអនុរដ្ឋមមន្ត្រីការបរទេសតៃវ៉ាន់ លោក Roy Lee លោកស្រី សៃ នឹងធ្វើដំណើរទៅកាន់ប្រទេសអេស្វាទីនី (ពីមុនឈ្មោះស្វាស៊ីឡង់) ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ដើម្បី ចូលរួមក្នុងពិធីបុណឯករាជ្យជាតិនៃប្រទេសមួយនេះ និងប្រារព្ធខួបលើកទី៥៥ នៃទំនាក់ទំនងទ្វេភាគីរវាងភាគីទាំង២។

លោក Roy Lee បានបន្ថែមថាលោកស្រី សៃ ធ្វើដំណើរតាមជើងយន្ដហោះដោយផ្ទាល់ទៅកាន់ប្រទេសអេស្វាទីនី ដោយមិនមានការឈប់សំចត នៅទីកន្លែងណាមួយនោះទេ ពោលគឺផ្ទុយពីការធ្វើទស្សនកិច្ចទៅកាន់តំបន់អាមេរិកឡាទីន ដែលតម្រូវឱ្យលោកស្រីឈប់សំចតនៅសហរដ្ឋអាមេរិក ដែលបង្កការខឹងសម្បារដល់ចិន។

គួរបញ្ជាក់ថា លោកស្រី សៃ បានបំពេញទស្សនកិច្ចលើកចុងក្រោយបំផុតទៅកាន់ប្រទេសអេស្វាទីនី កាលពីឆ្នាំ២០១៨៕