(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាខ្លួននឹងចាប់ផ្ដើមការបណ្ដុះបណ្ដាល ពីឡុតអ៊ុយក្រែន ពីបៀបប្រើយន្ដហោះចម្បាំង F-16 នៅក្នុងសហរដ្ឋអាមេរិក ដោយចាប់ផ្ដើមនៅខែក្រោយនេះ ដើម្បីអាចឱ្យពួកគេអាចប្រើ យន្ដហោះចម្បាំងដ៏ទំនើបនេះប្រឆាំងនឹងកងកម្លាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣។

បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder សហរដ្ឋអាមេរិក ក៏នឹងបណ្ដុះបណ្ដាលពីឡុត និងអ្នកជំនាញអ៊ុយក្រែនជាច្រើននាក់ផ្សេង ទៀតផងដែរពីរបៀបថែទាំយន្ដហោះចម្បាំង F-16 ផងដែរ។ លោក Pat Ryder បានគូសបញ្ជាក់បន្ថែមដូច្នេះថា «ពីឡុតទាំងនេះនឹងទទួលបាន ការបណ្ដុះបណ្ដាលជាភាសាអង់គ្លេស នៅឯមូលដ្ឋានទ័ពអាកាស Lackland ក្នុងទីក្រុង San Antonio រដ្ឋ Texas នៅខែកញ្ញាជាមុន ដើម្បីអាច ចូលរួមការបណ្ដុះបណ្ដាលបញ្ជាការហោះហើរយន្ដហោះចម្បាំង F-16 ក្នុងរដ្ឋ Arizona នៅខែបន្ទាប់»។ លោក Ryder បន្ថែមទៀតថា ការបណ្ដុះបណ្ដាលក្នុងរដ្ឋ Arizona នឹងត្រូវបានធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាស Morris Air National Guard Base។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានបើកកិច្ចសន្ទនាតាម ទូរស័ព្ទផងដែរ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយបានពិភាក្សាគ្នាពីកម្មវិធីបណ្ដុះបណ្ដាលខាងលើ។ កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យដាណឺម៉ាក និងហូឡង់ បញ្ជូនយន្ដហោះចម្បាំង F-16 របស់ពួកគេទៅឱ្យទីក្រុងកៀវ នៅពេលដែលពីឡុតអ៊ុយក្រែនទទួលបាន ការបណ្ដុះបណ្ដាលរួចរាល់៕