(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសចិនមានការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាតចំពោះផែនការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យកោះតៃវ៉ាន់ ហើយជំរុញឱ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួនជាបន្ទាន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
លោក Wang Wenping អ្នកនាំពាក្យបាននិយាយថា ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់របស់ប្រទេសចិន បានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងទាំងបីរវាងចិន និងសហរដ្ឋអាមេរិក និងសេចក្តីថ្លែងការណ៍រួម ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៨២។
អ្នកនាំពាក្យរដ្ឋាភិបាលចិនរូបនេះ បានបន្ថែមថា ការលក់នេះក៏បំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ បំផ្លាញអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន និងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
លោក Wang បាននិយាយទៀតថា តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន។ បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ហើយមិនទទួលយកការជ្រៀតជ្រែកពីបរទេសឡើយ។
លោកបានបន្ថែមថា ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ចិន។
គួរបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអនុម័តការលក់បរិក្ខារយោធាក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារសម្រាប់កោះតៃវ៉ាន់ ដើម្បីលក់ប្រព័ន្ធរុករក និងតាមដាន Infrared បំពាក់លើយន្ដហោះចម្បាំង F-16 និងបរិក្ខារពាក់ព័ន្ធ ដើម្បីជួយតៃវ៉ាន់ក្នុងការធ្វើបច្ចុប្បន្នភាពយន្ដហោះចម្បាំងដ៏ទំនើបមួយនេះ និងពង្រឹងសមត្ថភាពយោធាដើម្បីការពារខ្លួនឯង៕