(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានជំរុញវិបត្តិអ៊ុយក្រែនឆ្ពោះទៅរកគ្រោះមហន្តរាយនុយក្លេអ៊ែរជាសកល តាមរយៈការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់កងកម្លាំងរបស់ទីក្រុងកៀវ ហើយបាននិយាយទៀតថា ទីក្រុងវ៉ាស៊ីនតោនមិនមានសិទ្ធិរិះគន់ដល់ កិច្ចសហប្រតិបត្តិការយោធារបស់ទីក្រុងព្យុងយ៉ាង ជាមួយរុស្ស៊ីនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក Kang Sun Nam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន KCNA ថា សហរដ្ឋអាមេរិកមិនមានសិទ្ធិផ្លូវច្បាប់ ឬសមហេតុផលខាងសីលធម៌ ដើម្បីរិះគន់កិច្ចសហប្រតិបត្តិការធម្មតា រវាងរដ្ឋអធិបតេយ្យក្នុងវិស័យការពារជាតិនោះទេ។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើងរូបនេះបានសង្កត់ធ្ងន់ទៀតថា «សហរដ្ឋអាមេរិកទទួលខុសត្រូវ ចំពោះការរុញច្រានវិបត្តិអ៊ុយក្រែនដល់គែម នៃសង្គ្រាមនុយក្លេអ៊ែរសកល ដោយការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់របបអាយ៉ង Zelensky» ដោយសំដៅ​ទៅ​លើ​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelensky។

កន្លងមក កូរ៉េខាងជើងបានថ្កោលទោសក្រុងវ៉ាស៊ីនតោន ចំពោះការផ្គត់ផ្គង់សព្វាវុធ រួមទាំងគ្រាប់បែកចង្កោមដល់អ៊ុយក្រែន ហើយបានបដិសេធថា ខ្លួនមិនបានផ្តល់កាំភ្លើងធំ គ្រាប់រ៉ុក្កែត និងកាំជ្រួចដល់រុស្ស៊ីឡើយ សូម្បីតែខ្លួនគាំទ្រទីក្រុងមូស្គូក្នុងសង្គ្រាមជាមួយអ៊ុយក្រែនក៏ដោយ។

ទីក្រុងព្យុងយ៉ាងបានស្វែងរកការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយរុស្ស៊ី ដោយបានអញ្ជើញរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ចូលរួមក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី ៧០ ឆ្នាំ នៃការបញ្ចប់សង្គ្រាមកូរ៉េកាលពីខែមុន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានយល់ព្រម បញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន ពីប្រទេសដាណឺម៉ាក និងហូឡង់ ដើម្បីជួយទីក្រុងកៀវក្នុងការវាយលុករបស់ខ្លួន ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី៕