(ម៉ានីល)៖ ជំងឺរាតត្បាតកូវីដ១៩ និងការកើនឡើងថ្លៃរស់នៅ បានរុញច្រានប្រជាជនជិត ៧០ លាននាក់បន្ថែមទៀត ឱ្យធ្លាក់ទៅក្នុងភាពក្រីក្រខ្លាំង នៅក្នុងបណ្តាប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍ កាលពីឆ្នាំមុន ដោយធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ភាពក្រីក្រ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍​ ទី២៤ ខែសីហា ឆ្នាំ២០២៣។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រជាជនប្រមាណ ១៥៥.២ លាននាក់នៅក្នុងប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍ ឬស្មើនឹង ៣.៩ ភាគរយនៃចំនួនប្រជាជនសរុបក្នុងតំបន់ បានរស់នៅក្នុងភាពក្រីក្រខ្លាំងកាលពីឆ្នាំ២០២២ ដោយបានកើនឡើងចំនួន ៦៧.៨ លាននាក់។

ប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍ មានចំនួន ៤៦ ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមិនរាប់បញ្ចូលប្រទេសជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ទេ។

លោក Albert Parker ប្រធានសេដ្ឋវិទូរបស់ ADB បាននិយាយថា «តំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែការកើនឡើងថ្លៃរស់នៅធ្វើឱ្យខូចដល់វឌ្ឍនភាព ក្នុងការលុបបំបាត់ភាពក្រីក្រ»

ភាពក្រីក្រខ្លាំងត្រូវបានកំណត់ថា ជាការរស់នៅដែលមានប្រាក់ចំណូលតិចជាង ២.១៥ ដុល្លារអាមេរិកក្នុងមួយថ្ងៃ ដោយផ្អែកលើទិន្នន័យឆ្នាំ ២០១៧។

ការកើនឡើងថ្លៃរស់នៅ បានប៉ះពាល់ដល់មនុស្សគ្រប់រូប ប៉ុន្តែអ្នកក្ររងគ្រោះខ្លាំងជាងគេ ដោយសារពួកគេត្រូវចំណាយលើអាហារ និងប្រេងឥន្ធនៈកាន់តែច្រើន ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់ពួកគេ ក្នុងការសន្សំ និងចំណាយសម្រាប់សម្ភារៈសំខាន់ៗដូចជាការថែទាំសុខភាព និងការអប់រំជាដើម៕