(ប៉េកាំង)៖ ថ្ងៃទី២៣ ខែសីហា កិច្ចជំនួបនៃថ្នាក់ដឹកនាំប្រទេស BRICS លើកទី១៥ បានធ្វើឡើងនៅក្រុងប្រេតូរីយ៉ា ប្រទេសអាហ្វ្រិកខាងត្បូង។ ថ្នាក់ដឹកនាំប្រទេស BRICS ទាំង៥បានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការប្រទេស BRICS និងបញ្ហាអន្តរជាតិសំខាន់ៗដែលយកចិត្តទុកដាក់រួមគ្នា ហើយបានដើរដល់គំនិតឯកភាពយ៉ាងទូលំទូលាយ ។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ប្រទេស BRICS ជាកម្លាំងចលករសំខាន់នៃការបង្កើតនិម្មាបនកម្មអន្តរជាតិ ត្រូវបញ្ចូលភាពប្រាកដប្រជា ភាពនឹងនរនិងកម្លាំងវិជ្ជមានកាន់តែច្រើនដល់ពិភពលោក។

* តើប្រទេស BRICS មានឋានៈនិងតួនាទីយ៉ាងដូចម្តេចក្នុងនិម្មាបនកម្មពិភពលោក?

គួរបញ្ជាក់ថា ប្រទេស BRICS ជាយន្តការសហប្រតិបត្តិការអន្តរជាតិមួយដែលបង្កើតឡើងកាលពីឆ្នាំ២០០៦ ដោយប្រទេសចំនួន ៥ គឺ ប្រេស៊ីល(Brazil) រុស្ស៊ី(Russia)ឥណ្ឌា(India) ចិន(China)និងអាហ្វ្រិកខាងត្បូង(South Africa)។គ្រាដំបូងគឺធ្វើកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយនិងសេដ្ឋកិច្ច ជាបណ្តើរៗបានពង្រីកដល់វិស័យសន្តិសុខ បច្ចេកវិទ្យា កសិកម្ម វប្បធម៌និងការអប់រំជាដើម។

ក្នុងកិច្ចប្រជុំកំពូលលើកនេះ មេដឹកនាំប្រទេសទាំង៥បានឯកភាពគ្នាថា តើធ្វើយ៉ាងណាដើម្បីបញ្ចូលភាពប្រាកដប្រជាក្នុងពិភពលោក ដ៏រង្គោះរង្គើគឺជារបៀបវារៈសំខាន់។ ទាក់ទិននឹងខ្លឹមសារនេះ លោក Xi Jinping បានលើកឡើងថា ៖ « ប្រទេស BRICS ជាកម្លាំងចលករសំខាន់សម្រាប់បង្កើតនិម្មាបនកម្មអន្តរជាតិ ។ យើងជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដោយម្ចាស់ការ រួមគ្នាគាំពារសិទ្ធិអភិវឌ្ឍន៍ រួមគ្នាឆ្ពោះទៅរកទំនើបកម្ម គឺតំណាងឱ្យទិសដៅឈានទៅមុខនៃសង្គមមនុស្សជាតិ ដែលនឹងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅចំពោះវឌ្ឍនភាពនៃសកលលោក»

រយៈពេល ១៧ ឆ្នាំបន្ទាប់ពីបានបង្កើតឡើង ប្រទេស BRICS បានលើកកម្ពស់សិទ្ធិបញ្ចេញមតិនិងឥទ្ធិពលនៃប្រទេសទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ។គិតត្រឹមបច្ចុប្បន្ន ទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេស BRICS បានកើនដល់ចំនួនប្រហែល1/4 នៃទំហំសេដ្ឋកិច្ចពិភពលោក។ គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំកំពូលលើកនេះ មានប្រទេសចំនួនលើសពី ២០ បានដាក់ពាក្យស្នើសុំចូលរួមជាមួយប្រទេស BRICS ដែលបានបង្ហាញយ៉ាងពេញលេញនូវ តម្លៃយុទ្ធសាស្ត្រ នៃយន្តការសហប្រតិបត្តិការប្រទេស BRICS ក្នុងកិច្ចការអន្តរជាតិ។ ទាក់ទិននឹងករណីនេះ លោក Xi Jinping បានលើកឡើងថា ត្រូវឱ្យប្រទេសកាន់តែច្រើនឡើងៗចូលរួមមហាគ្រួសារនៃប្រទេស BRICS ដើម្បីជំរុញឱ្យការធ្វើអភិបាលកិច្ចសកលអភិវឌ្ឍតាមទិសដៅ កាន់តែសមហេតុផលនិងកាន់តែមានយុត្តិធម៌។

ក្នុងនាមជាកម្លាំងសំខាន់នៃការបង្កើតនិម្មាបនកម្មអន្តរជាតិ លោក Xi Jinping បានគូសបញ្ជាក់ជាពិសេសថា ៖ « ក្នុងបញ្ហាអន្តរជាតិសំខាន់ៗ ប្រទេស BRICS បានប្រកាន់ខ្ជាប់ជានិច្ចនូវការផ្តោតលើភាពខុសនិងត្រូវនៃរឿងហេតុ បញ្ចេញសំឡេងយុត្តិធម៌ ដោះស្រាយតាមមធ្យោបាយយុត្តិធម៌ មិនដែលយកគោលការណ៍មកធ្វើការជួញដូរទេ មិនដែលចុះញ៉មនឹងកម្លាំងសម្ពាធខាងក្រៅ ហើយក៏មិនចំណុះប្រទេសដទៃដែរ។» ប្រសាសន៍នេះក៏ជាសំឡេងចេញពីដួងចិត្តរបស់ ប្រទេសទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ។

អំពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ខុសគ្នានឹងប្រទេសលោកខាងលិចខ្លះដែលរង់ចាំតែទទួលផលប្រយោជន៍ពីក្នុងជម្លោះ ប្រទេសចិន អាហ្វ្រិកខាងត្បូងនិងប្រេស៊ីលជាដើម គឺបានផ្តោតសំខាន់លើការដោះស្រាយវិបត្តិអ៊ុយក្រែនដោយវិធីនយោបាយ។ ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានលើកឡើងថា វិបត្តិអ៊ុយក្រែនឈានដល់សភាពដូចបច្ចុប្បន្ន គឺមានមូលហេតុស្មុគស្មាញ កិច្ចការបន្ទាន់គឺជំរុញឱ្យធ្វើការចរចាដោយសន្តិវិធី ជំរុញការបញ្ចប់សង្គ្រាមជាបណ្តើរៗ រហូតដល់ទទួលបានសន្តិភាព មិនត្រូវឱ្យសភាពការណ៍កាន់តែអាប់អួកាន់តែធ្ងន់ធ្ងរនោះទេ។ លោកបានបន្ថែមថា សន្តិសុខអន្តរជាតិមិនអាចកាត់ផ្តាច់ពីគ្នាបានទេ ការដែលពលីផលប្រយោជន៍ប្រទេសដទៃដើម្បីគាំពារសន្តិសុខជាតិរបស់ខ្លួន នឹងបំផ្លាញខ្លួនឯងវិញនៅទីចុងបំផុត។ នេះបានបង្ហាញម្តងទៀតនូវគំនិតរបស់លោក Xi Jinping ដែលប្រកាន់ខ្ជាប់ថាមនុស្សជាតិជាមហាគ្រួសារដែលរួមជោគវាសនា សន្តិសុខសកលតភ្ជាប់គ្នាយ៉ាងជិតដិត ហើយក៏ជាការឆ្លើយតបដ៏វិជ្ជមានរបស់លោកចំពោះបំណងប្រាថ្នា របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលចង់សម្រេចអភិបាលកិច្ចសកលដោយយុត្តិធម៌ និងមានសេដ្ឋកិច្ចរីកចម្រើន។

* តើលោក Xi Jinping បានលើកឡើងវិធានការថ្មីណាខ្លះអំពីកិច្ចសហប្រតិបត្តិការប្រទេស BRICS?

លោក Xi Jinping បានលើកឡើងថា កិច្ចសហប្រតិបត្តិការប្រទេស BRICSកំពុងស្ថិតក្នុងគ្រាគន្លឹះ គួរបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជំរុញទំនាក់ទំនងភាពជាដៃគូប្រកបដោយគុណភាពខ្ពស់ ជំរុញកំណែទម្រង់នៃការធ្វើអភិបាលកិច្ចសកលឱ្យឈានទៅរក ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល ដើម្បីបំពេញបន្ថែមភាពប្រាកដប្រជា ភាពនឹងនរនិងកម្លាំងវិជ្ជមានកាន់តែច្រើនដល់ពិភពលោក។ ដូច្នេះហើយ លោកបានលើកឡើងវិធានការជាក់ស្តែងជាច្រើន ក្នុងវិស័យដូចជាការអភិវឌ្ឍ សន្តិសុខ ការរួមបញ្ចូលខាងអរិយធម៌ជាដើម។ ជាពិសេសលោកបានលើកឡើងថា ត្រូវធ្វើឱ្យកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចឌីជីថល ខាងការអភិវឌ្ឍបៃតងនិងខាងខ្សែសង្វាក់ផ្គត់ផ្គង់ មានភាពកាន់តែស៊ីជម្រៅ។

ក្នុងវិស័យផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន លោក Xi Jinping បានលើកឡើងថា អរិយធម៌គឺចម្រុះបែប មាគ៌ាអភិវឌ្ឍន៍ក៏មានជម្រើសច្រើនបែបយ៉ាងដែរ នេះជាសភាពដែលពិភពលោកគួរតែមាន។ ប្រវត្តិសាស្ត្រមនុស្សជាតិនឹងមិនបញ្ចប់ ដោយសារអរិយធម៌ណាមួយឬយន្តការណាមួយនោះទេ។ ប្រទេស BRICS ត្រូវផ្សព្វផ្សាយស្មារតីប្រមូលផ្តុំជាទូទៅដូច ទឹកសមុទ្រដែលប្រមូលទឹកទន្លេរាប់រយរាប់លានខ្សែ គួរផ្តួចផ្តើមឱ្យអរិយធម៌ខុសគ្នារួមរស់ដោយសន្តិភាព ត្រូវគោរពមាគ៌ាធ្វើទំនើបកម្មដែលប្រទេសនានាបានជ្រើសរើសដោយម្ចាស់ការ ប្រឆាំងការប្រឈមដាក់គ្នាខាងមនោគមវិជ្ជា យន្តការប្រឈមដាក់គ្នា ឬ “ការប៉ះទង្គិចខាងអរិយធម៌ ”។

អំពីអភិបាលកិច្ចសកល លោក Xi Jinping បានលើកឡើងថា ច្បាប់អន្តរជាតិត្រូវអនុលោមតាមកម្មវត្ថុនិងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ត្រូវតាក់តែងឡើងនិងគាំពារដោយមនុស្សទាំងអស់គ្នា ។ មិនអាចថា អ្នកណាខ្លាំង ក៏អ្នកនោះជាអ្នកសម្រេចនោះទេ រហូតដល់បង្កើតបក្សសម្ព័ន្ធ ចាត់ទុកច្បាប់របស់បក្ខពួកថាជាច្បាប់អន្តរជាតិ។ ប្រទេស BRICS ត្រូវអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ដើម្បីគាំពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល។ លោកបានលើកឡើងទៀតថា ត្រូវឱ្យធនាគារអភិវឌ្ឍន៍ថ្មីដើរតួនាទីកាន់តែសំខាន់ ដើម្បីជំរុញការធ្វើកំណែទម្រង់នៃប្រព័ន្ធរូបិយវត្ថុនិងហិរញ្ញវត្ថុអន្តរជាតិ ដើម្បីលើកកម្ពស់សិទ្ធិបញ្ចេញមតិនិង ភាពជាតំណាងរបស់ប្រទេសកំពុងអភិវឌ្ឍន៍។

* តើប្រទេសចិននឹងធ្វើអ្វីខ្លះជូនប្រទេស BRICS?

សម្រាប់ប្រទេសចិន ការបង្កើនជំនឿចិត្ត សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់ប្រទេស BRICS ជាកិច្ចការដែលប្រទេសចិនបាននិងកំពុងធ្វើរហូតមក ។ លោក Xi Jinping បានថ្លែងថា ភាគីចិនមានឆន្ទៈរួមជាមួយគ្រប់ភាគីដើម្បីបង្កើត "យន្តការផ្លាស់ប្តូរនិងសហប្រតិបត្តិការនៃឧស្សាហកម្មប្រកបដោយចីរភាពនៃប្រទេស BRICS " ដើម្បីផ្តល់ជាវេទិកាសម្រាប់ផ្តល់គម្រោងសហប្រតិបត្តិការ និងការតភ្ជាប់ឧស្សាហកម្មនៃការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ។ ចិននឹងធ្វើឱ្យព្រឹត្តិការណ៍ប្រកួតការច្នៃប្រឌិតថ្មីសម្រាប់ស្ត្រីជាដើម ដែលបង្កើតឡើងដោយប្រទេសចិនដើរតួនាទីកាន់តែច្រើនឡើង ដើម្បីធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេស BRICS មានភាពកាន់តែស៊ីជម្រៅ៕

អត្ថបទនិង រូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន