(ប៉េកាំង)៖ ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងអាហ្វ្រិកខាងត្បូងបានរួមគ្នា ធ្វើជាសក្សីនៃពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការចំនួន ១១ច្បាប់ ភាគីទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដើម្បីឈានដល់គំនិតឯកភាពរួមដ៏សំខាន់មួយចំនួន លោក Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានបំពាក់ “ឥស្សរិយយសអាហ្វ្រិកខាងត្បូង ” ដែលជាគ្រឿងឥស្សរិយយសខ្ពស់បំផុត និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់អាហ្វ្រិកខាងត្បូង ជូនចំពោះលោក Xi Jinping ។ល។ សមិទ្ធផលជាផ្លែផ្កាទាំងនេះ ជាការបកស្រាយដ៏ល្អបំផុតចំពោះ “យុគសម័យមាស” របស់ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកខាងត្បូង។

ឆ្នាំនេះជាខួបទី២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាហ្វ្រិកខាងត្បូង ។ ក្នុងរយៈពេល២៥ ឆ្នាំកន្លងមក ប្រទេសទាំងពីរបានឆ្លងកាត់បម្រែបម្រួលនៃឆាកអន្តរជាតិ សម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះដែលបានប្រែពីទំនាក់ទំនងភាពជាដៃគូ និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយ ។ នៅថ្ងៃទី២២ ខែសីហា តាមម៉ោងក្នុងតំបន់ ខណៈពេលធ្វើកិច្ចជំនួប ប្រមុខរដ្ឋប្រទេសទាំងពីរបានឯកភាពគ្នាថា នឹងចាប់ដៃគ្នាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដោយគ្រប់ជ្រុងជ្រោយរវាងចិននិងអាហ្វ្រិកខាងត្បូង ឱ្យឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ និងចាប់ដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិន និងអាហ្វ្រិកខាងត្បូងប្រកបដោយកម្រិតខ្ពស់។

សូមបញ្ជាក់ថា អាហ្វ្រិកខាងត្បូងជាប្រទេសនៅទ្វីបអាហ្វ្រិកទីមួយដែលបានចូលរួម កិច្ចសហប្រតិបតិ្តការស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ហើយប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទីមួយ នៅអាហ្វ្រិកក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នា ។ ព្រមពេលជាមួយគ្នានេះ អាហ្វ្រិកខាងត្បូងក៏ជាគោលដៅវិនិយោគធំបំផុតមួយរបស់ចិននៅទ្វីអាហ្វ្រិក ទំហំបណ្តាក់ទុនសរុបរបស់ចិននៅអាហ្វ្រិកខាងត្បូង លើសពី២៥ពាន់លានដុល្លារអាមេរិក ដែលបានផ្តល់ឱកាសការងារចំនួនជាង ៤សែននាក់ដល់អាហ្វ្រិកខាងត្បូង ។ នៅឆមាសទីមួយឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាហ្វ្រិកបានកើនជាង១១,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

បច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ហើយអាហ្វ្រិកខាងត្បូងក៏កំពុងស្វែងរកផ្លូវអភិវឌ្ឍន៍ទំនើប ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួនផងដែរ ។ ប្រទេសចិនបានបង្ហាញថា រីករាយបណ្តុះបំប៉នចំណុចកំណើនថ្មីរបស់ កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ និងនាំចេញផលិតផលដែលមានគុណភាពខ្ពស់ នៃប្រទេសអាហ្វ្រិកខាងត្បូងឱ្យបានកាន់តែច្រើន ក៏ដូចជាជួយអាហ្វ្រិកខាងត្បូងអនុវត្តគម្រោងភូមិជាគំរូ ស្តីពីការកាត់បន្ថយភាពក្រីក្រ ។ កិច្ចព្រមព្រៀងសហប្រតិបតិ្តការទ្វេភាគី ដែលប្រទេសទាំងពីរបានចុះហត្ថលេខា បានគ្របដណ្តប់ខ្លឹមសារ ដូចជាការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” អគ្គិសនីថាមពលថ្មី តំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម សេដ្ឋកិច្ចព័ណ៌ខៀវ និងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាជាដើម ។ លោក Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានថ្លែងថា ការបណ្តាក់ទុននិងកិច្ចសហប្រតិបតិ្តការរបស់ចិន បានជំរុញយ៉ាងខ្លាំងនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់អាហ្វ្រិកខាងត្បូង លោកសូមស្វាគមន៍សហគ្រាសចិនកាន់តែច្រើន ទៅបណ្តាក់ទុននិងប្រកបអាជីពនៅអាហ្វ្រិកខាងត្បូង។

ក្នុងបរិបទបច្ចុប្បន្នដែលពិភពលោក បាននិងកំពុងស្ថិតក្នុងភាពបម្រែបម្រួលនិងច្របូកច្របល់ ប្រជាជនរំពឹងទុកចង់បានសន្តិភាព និងការអភិវឌ្ឍ ក៏ដូចជាស្វែងរកសមភាពនិងយុត្តិធម៌ ប៉ុន្តែប្រទេសលោកខាងលិចមួយចំនួនតូច ដាក់ទណ្ឌកម្មដោយឯកតោភាគី បង្កើត “របាំង” ញុះញង់ឱ្យមានការបែកបាក់និងបដិបក្ខគ្នា ដែលបាននាំមកនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ ការអភិវឌ្ឍសកលនិងសណ្តាប់ធ្នាប់អន្តរជាតិ។

ក្នុងកិច្ចជំនួបលើកនេះ ប្រទេសចិនបានបង្ហាញយ៉ាងច្បាស់ថា គាំទ្រអាហ្វ្រិកខាងត្បូងដើរតួនាទីកាន់តែធំក្នុងកិច្ចការអន្តរជាតិនិងតំបន់ រីករាយរួមសហការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ដែលបូករួមទាំងប្រទេសអាហ្វ្រិកខាងត្បូងជាដើម អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ។ ភាគីអាហ្វ្រិកខាងត្បូងបានថ្លែងថា អាហ្វ្រិកខាងត្បូងនិងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត សុទ្ធតែសង្ឃឹមឱ្យបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការជាមួយប្រទេសចិន ជំរុញការបង្កើតរបៀបរៀបរយអន្តរជាតិ ដែលមានភាពកា់តែស្មើគ្នា យុត្តិធម៌និងសមហេតុសមផល ។ អាចប៉ាន់ប្រមាណថា កិច្ចសហប្រតិបតិ្តការរវាងចិននិងអាហ្វ្រិកមានភាពកាន់តៃជិតស្និទ្ធ កម្លាំងគាំពារសមភាពនិងយុត្តិធម៌អន្តរជាតិក៏មានភាពកាន់តែខ្លាំងឡើងៗ។

ពេលមុននឹងចេញដំណើរទស្សនកិច្ច អត្ថបទរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានចុះផ្សាយនៅប្រព័ន្ធសារព័ត៌មាន នៃប្រទេសអាហ្វ្រិកខាងត្បូង បានធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៃប្រទេសចិន និងអាហ្វ្រិកខាងត្បូងមានប្រតិកម្មតបយ៉ាងខ្លាំងជាទូទៅ ។ សមិទ្ធផលជាផ្លែផ្ការបស់ដំណើរទស្សនកិច្ចលើកនេះ នឹងធ្វើឱ្យ “យុគសម័យមាស” របស់ចិននិងអាហ្វ្រិកខាងត្បូង មានលក្ខណៈពិសេសកាន់តែលេចធ្លោ ព្រមនឹងអាចបំពេញបន្ថែមកម្លាំងចលករថ្មីដល់ ការពង្រីកកិច្ចសហប្រតិបតិ្តការរវាងចិន និងអាហ្វ្រិកខាងត្បូង ក៏ដូចជាគាំពារសន្តិភាពនិងការអភិវឌ្ឍសកលផងដែរ៕

អត្ថបទ៖ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន