(ចូហាន់ណេសបឺគ)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៉ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សមាគមប្រទេស BRICS បានសម្រេចអញ្ជើញប្រទេសចំនួន ៦ ដូចជា អាហ្សង់ទីន អេហ្ស៉ីប អ៉ីរ៉ង់ អេត្យូពី អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ឲ្យចូលរួមជាសមាជិកថ្មីនៃប្លុកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។

ការជជែកដេញដោលលើការពង្រីកសមាជិកភាពរបស់ប្លុក BRICS បានឈានដល់ការអនុម័តនូរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃ ក្នុងទីក្រុងចូហាន់ណេសបឺគ ដែលបានបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ។ សមាជិកទាំងអស់របស់ BRICS បានបង្ហាញជាសាធារណៈ នូវការគាំទ្រចំពោះការរីកលូតលាស់នៃប្លុក ប៉ុន្តែមានការខ្វែងគំនិតគ្នាខ្លះក្នុងចំណោមមេដឹកនាំរបស់ពួកគេ ជុំវិញចំនួន និងពេលវេលានៃការដាក់បញ្ចូលសមាជិកភាពថ្មី។

គួរបញ្ជាក់ថា BRICS ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១០ ដោយក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន។ បច្ចុបន្នមានសមាជិកចំនួន ៥ប្រទេស គឺប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង៕