(ញូដេលី)៖ ការរអិលបាក់ដីនៅឯតំបន់ភ្នំភាគខាងជើងប្រទេសឥណ្ឌា បានបំផ្លាញអគារជាច្រើនខ្នងនៅថ្ងៃព្រហស្បតិ៍នេះ និងជាគ្រោះមហន្តរាយថ្មីទៀតក្នុងតំបន់ជួរភ្នំហិម៉ាឡៃ ដែលកន្លងមកធ្លាប់មានមនុស្សស្លាប់រាប់សិបនាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។

យ៉ាងណាមិញ គ្មាននរណាម្នាក់រងរបួសទេក្នុងការបាក់ដីខាងលើ ដែលកើតឡើងនៅតំបន់គុលលូ (Kullu) នៃរដ្ឋហ៉ីម៉ាឆាល ប្រាដេស (Himachal Pradesh) ដោយសារអ្នកស្រុកខ្លះបានផ្លាស់ទីចេញពីតំបន់នេះ ព្រោះត្រូវបានចាត់ទុកថាគ្មានសុវត្ថិភាព។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ បាននិយាយថា អគារសរុបចំនួន ៨ខ្នងរងការខូចខាតស្ទើរតែទាំងស្រុង និង ២ផ្សេងទៀតខូចខាតដោយផ្នែក។ អភិបាលរដ្ឋ លោក ស៊ូឃ្វីនដឺ ស៉ីង ស៊ូឃូ (Sukhvinder Singh Sukhu) បានបញ្ជាក់ថា «រដ្ឋបាលតំបន់កំណត់បានសញ្ញានៃហានិភ័យ និងបានជម្លៀសមនុស្សចេញពីអគារពាណិជ្ជកម្មដ៏ធំមួយ កាលពី ២ថ្ងៃមុន»

គួរបញ្ជាក់ថា ការរអិលបាក់ដីនៅរដ្ឋហ៉ីម៉ាឆាល ប្រាដេស បានសម្លាប់មនុស្សជាង ៥០នាក់ក្នុងខែសីហានេះ និងបំផ្លាញផ្ទះសម្បែង ហើយរថយន្តក្រុង និងរថយន្តជាច្រើនត្រូវជាប់គាំងក្នុងជំនន់ទឹកភ្លៀង៕