(បាងកក)៖ នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសថៃ លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) បានជួបពិភាក្សាគ្នាអំពីមធ្យោបាយដើម្បីជម្នះ បញ្ហានៃភាពបែកបាក់ខាងផ្នែកនយោបាយ ជាមួយអតីតនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា ខណៈរូបលោកកំពុងត្រៀមបង្កើតគណៈរដ្ឋមន្រ្តី ចេញពីសម្ព័ន្ធភាពមួយ ដែលមានគណបក្សសរុបដល់ទៅ១១ ក្នុងនោះរួមមានទាំងអតីតគូប្រជែងគ្នាផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។
លោក Srettha ដែលបានក្លាយជានាយករដ្ឋមន្រ្តីថៃទី៣០ ក្រោយត្រូវបានសភាថៃបោះឆ្នោតអនុម័តគាំទ្រ កាលពីថ្ងៃអង្គារសប្តាហ៍នេះ នឹងត្រូវដឹកនាំរដ្ឋាភិបាលចម្រុះមួយ ក្នុងនោះរួមមានគណបក្សមួយចំនួន ដែលគាំទ្រដោយយោធា។ យោធាថៃធ្លាប់ធ្វើរដ្ឋប្រហារម្តងហើយម្តងទៀត ប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំគណបក្ស ភឿថៃ (Pheu Thai) របស់លោក ខណៈលោក ប្រាយុទ្ធ ចាន់អូចា ផ្ទាល់ គឺជាមេដឹកនាំរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤។ លោក ប្រាយុទ្ធ បានបន្តកាន់អំណាចអស់រយៈពេលប្រមាណជា៩ឆ្នាំ ចាប់តាំងពីពេលនោះមក។
ថ្លែងអំពីជំនួបរបស់លោក ជាមួយលោក ប្រយុទ្ធ លោក Srettha បាននិយាយយ៉ាងដូច្នេះថា «បញ្ហានៃភាពបែកបាក់ផ្នែកនយោបាយសព្វថ្ងៃ នឹងពិបាកក្នុងការជម្នះឱ្យបានណាស់។ កិច្ចសន្ទនាតែមួយលើកនឹងមិនអាចដោះស្រាយវាឱ្យចប់ទេ គឺត្រូវចំណាយពេលយូរ។ ទោះជាបែបនេះក្តី ខ្ញុំយល់ពីបំណងរបស់លោក ប្រាយុទ្ធ គឺលោកចង់ជម្នះបញ្ហានេះដូចគ្នា ហើយលោកក៏ខ្វាយខ្វល់អំពីប្រទេសខ្លាំងផងដែរ»។ នៅពេលត្រូវក្រុមអ្នកកាសែតសាកសួរ ថាតើលោក ប្រាយុទ្ធ បានផ្តល់ការណែនាំបែបណានោះ លោក Srettha បានឆ្លើយតបថា «លោកប្រាប់ឱ្យខ្ញុំ ធ្វើអារម្មណ៍ឱ្យស្ងប់ មានការអត់ធ្មត់ ហើយការពារប្រទេសនិងរបបរាជានិយម»។
គួរបញ្ជាក់ថា លោក Srettha គឺជាមហាសេដ្ឋីចលនទ្រព្យ ដែលទើបតែឈានជើងចូលប្រឡូកក្នុងឆាកនយោបាយប៉ុណ្ណោះ ហើយលោកមិនមានបទពិសោធក្នុងរដ្ឋាភិបាលឡើយ។ ការក្លាយខ្លួនជានាយករដ្ឋមន្រ្តីយ៉ាងរលូនរបស់លោក ក៏បានបង្កឱ្យមានមតិមួយចំនួនលើកឡើងផងដែរថា គណបក្ស Pheu Thai ប្រហែលមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយ យោធានិងក្រុមអភិរក្សនិយម ដែលក្នុងនោះរួមមានទាំងការត្រឡប់ចូលស្រុកវិញ នៃអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ដែលជាអ្នកជ្រោមជ្រែងនៅពីក្រោយ គណបក្ស Pheu Thai៕