(ញូដេលី)៖ នៅថ្ងៃព្រហស្បតិ៍នេះ ឥណ្ឌាបានចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវហើយនៅលើផ្ទៃព្រះចន្ទ ជាមួយយានរ៉ូបូតមួយគ្រឿងរបស់ខ្លួន បន្ទាប់ពីប្រទេសអាស៉ីខាងត្បូងមួយនេះ បានក្លាយជាប្រទេសដំបូងបង្អស់ ដែលបានចុះចតយានដោយជោគជ័យ ទៅលើតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។
ទីភ្នាក់ងារអវកាសឥណ្ឌា ISRO បានប្រកាសថា យានអាចចល័តបាន (rover) ឈ្មោះ Pragyan បានចាកចេញពីក្នុងយានចុះចត (lander) ហើយ ក្រោយការចុះចតជោគជ័យ កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ។ យាន Pragyan ដែលមានកង់ចំនួន៦ និងដើរដោយថាមពលពន្លឺព្រះអាទិត្យ នឹងចល័តនៅតំបន់ប៉ូលខាងត្បូងព្រះចន្ទ ជាទីដែលមានការសិក្សាស្រាវជ្រាវតិចតួច ហើយបញ្ជូនរូបភាពក៏ដូចជាទិន្នន័យវិទ្យាសាស្រ្តផ្សេងៗ មកកាន់ផែនដី អំលុងការធ្វើប្រតិបត្តិការរបស់វា ដែលគេរំពឹងថានឹងមានរយៈពេលយ៉ាងហោច២សប្តាហ៍។
ជោគជ័យនៃការចុះចតរបស់បេសកកម្ម Chandrayaan-3 របស់ឥណ្ឌា កើតមានឡើង នៅប៉ុន្មានថ្ងៃបន្ទាប់ពីយានអវកាសរបស់រុស្ស៉ី បានទទួលបរាជ័យ ក្នុងការព្យាយាមចុះចត ទៅលើតំបន់ប៉ូលខាងត្បូងព្រះចន្ទដូចគ្នា។ វាគឺជាបេសកកម្មឋានព្រះចន្ទដំបូងបំផុតរបស់រុស្ស៉ី គិតក្នុងរយៈពេលជិត៥០ឆ្នាំ។ ជោគជ័យនេះទៀតសោត គឺឥណ្ឌាសម្រេចបាន បន្ទាប់ពីខ្លួនបានទទួលបរាជ័យកាលពី៤ឆ្នាំមុន គឺនៅឆ្នាំ២០១៩ ក្នុងការប៉ុនប៉ងចុះចតយាន អំលុងបេសកកម្ម Chandrayaan-2។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ មានប្រទេសសរុបចំនួន៤ហើយ ដែលបាននាំយកយានរ៉ូបូតទៅដល់លើផ្ទៃព្រះចន្ទដោយសុវត្ថិភាព រួមមានអតីតសហភាពសូវៀត (រុស្ស៉ី) សហរដ្ឋអាមេរិក ចិន និងឥណ្ឌា៕