(តៃប៉ិ)៖ រដ្ឋាភិបាលតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ដែនកោះនេះនឹងចំណាយថវិកាបន្ថែមចំនួន៩៤.៣ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើនឹង២.៩៧ពាន់លានដុល្លារអាមេរិក ដើម្បីយកទៅប្រើប្រាស់ក្នុងការទិញសព្វាវុធ ក្នុងនោះរួមមានទាំងយន្តហោះចម្បាំង ក្រោមគោលដៅពង្រឹងសមត្ថភាពការពារខ្លួន សម្រាប់ត្រៀមទប់ទល់ជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន បានប្រកាសរួចហើយថា សំណើកញ្ចប់ថវិកាការពារជាតិសរុបសម្រាប់ឆ្នាំ២០២៤ នឹងមានទំហំ ៦០៦.៨ពាន់លានដុល្លារតៃវ៉ាន់ (១៩.១១ពាន់លានដុល្លារអាមេរិក)។ វាគឺជាកំណើន៣.៥ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។ ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីជជែកអំពីសំណើកញ្ចប់ថវិកានោះ រដ្ឋាភិបាលតៃវ៉ាន់បានឱ្យដឹងថា ប្រមាណជាពាក់កណ្តាលនៃថវិកាបន្ថែមជិត៣ពាន់លានដុល្លារអាមេរិកនោះ នឹងត្រូវចំណាយទៅលើការទិញយន្តហោះចម្បាំង ហើយនៅសល់ប៉ុន្មាននឹងត្រូវប្រើប្រាស់ ទៅលើកិច្ចប្រឹងប្រែងពង្រឹងការការពារខ្លួនតាមជើងទឹក។
គួរបញ្ជាក់ថា ការចំណាយលើវិស័យការពារជាតិតៃវ៉ាន់នៅឆ្នាំក្រោយ នឹងស្មើ២.៥ភាគរយនៃទំហំ GDP របស់ដែនកោះនេះ។ នៅក្រោមអាណត្តិរបស់លោកស្រី សៃ តៃវ៉ាន់បាននិងកំពុងប្រឹងប្រែងធ្វើទំនើបកម្មយោធា ដើម្បីពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ចំពោះមុខការបង្កើនសម្ពាធរបស់ចិន ក្នុងនោះរួមមានទាំង ការកែលម្អបន្ថែមលើក្រុមយន្តហោះចម្បាំង F-16 ដែលមានស្រាប់ ហើយនិងការអភិវឌ្ឍនាវាមុជទឹកដោយខ្លួនឯង។ កាលពីថ្ងៃចន្ទ លោកស្រី សៃ បានអះអាងថា គំរូដំបូងនៃនាវាមុជទឹកដែលផលិតក្នុងស្រុក នឹងត្រូវបង្ហាញខ្លួននៅខែក្រោយ តាមការគ្រោងទុក៕