(វ៉ាស៉ីនតោន)៖ អាជ្ញាធរប្រចាំតំបន់នៅសហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា មនុស្សសរុបចំនួន៤នាក់បានបាត់បង់ជីវិត ក្នុងករណីបាញ់ប្រហារដែលកើតមានឡើង នៅក្នុងបារក្រុមអ្នកជិះម៉ូតូធំមួយកន្លែង ស្ថិតនៅតំបន់ Orange County នៃរដ្ឋ​ California។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។

មេប៉ូលិសនៃតំបន់ Orange County បានបង្ហោះសារលើបណ្តាញសង្គម X (Twitter) ឱ្យដឹងថា ក្រៅពីអ្នកស្លាប់ មានមនុស្ស៦នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារ នៅបារមួយហៅថា Cook's Corner ស្ថិតក្នុងក្រុង Trabuco Canyon។ វាជាបារកម្សាន្តមួយកន្លែងដែលពេញនិយម សម្រាប់ក្រុមអ្នកជិះម៉ូតូធំជួបជុំគ្នា ហើយមានចម្ងាយជាង៧០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ទីក្រុង Los Angeles។

គួរបញ្ជាក់ថា បើយោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ខ្មាន់កាំភ្លើងក្នុងហេតុការណ៍ខាងលើ ជាអតីតមន្រ្តីប៉ូលិសម្នាក់ មកពីតំបន់ Ventura County នៅភាគខាងជើងទីក្រុង Los Angeles។ ករណីបាញ់ប្រហារនេះ គឺជាករណីអំពើហិង្សាដោយកាំភ្លើងថ្មីចុងបំផុតមួយទៀត ដែលបានកើតឡើងនៅសហរដ្ឋអាមេរិក ដែលជាប្រទេសមានមនុស្សរាប់ម៉ឺននាក់ស្លាប់ ក្នុងមួយឆ្នាំៗដោយសារតែកាំភ្លើង៕