(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានសន្យាគាំទ្រប្រទេសគុយបា លើកិច្ចការពារអធិបតេយ្យជាតិរបស់ខ្លួន ប្រឆាំងនឹងការជ្រៀតជ្រែកពីសំណាក់បរទេស និងការរាំងខ្ទប់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ក៏ដូចជានឹងពង្រីកការសម្របសម្រួលជាយុទ្ធសាស្ត្រជាមួយទីក្រុងឡាហាវ៉ាន (Havana)។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ការកត់សម្គាល់របស់លោក ស៉ី ជិនពីង បានធ្វើឡើងនៅក្នុងជំនួបជាមួយ ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស់ កាណែល (Miguel Diaz-Canel) នៅខាងក្រៅកិច្ចប្រជុំកំពូល BRICS នៅទីក្រុងចូហាន់ណេស្បឺគ (Johannesburg) កាលពីថ្ងៃពុធសប្តាហ៍នេះ។

លោក ស៉ី ជិនពីង បានគូសបញ្ជាក់ថា «ចិន វាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់គុយបាចំពោះចិន ពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ចិន។ ចិន នឹងបន្តគាំទ្រយ៉ាង ម៉ឺងម៉ាត់ចំពោះគុយបា លើការការពារអធិបតេយ្យជាតិ ប្រឆាំងការជ្រៀតជ្រែក និងរារាំងពីសំណាក់បរទេស ហើយធ្វើការឲ្យអស់ពីសមត្ថភាពដើម្បី ផ្តល់ការគាំទ្រដល់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់គុយបា»។

គួរបញ្ជាក់ថា ក្នុងអំឡុងកិច្ចពិភាក្សា ជាមួយប្រធានាធិបតីចិន លោក ឌីយ៉ាស់ កាណែល បានចាត់ទុកទំនាក់ទំនងគុយបា និងចិនថាស្ថិតក្នុង «កម្រិតខ្ពស់»។ ជំនួបនៃ មេដឹកនាំទាំងពីរ បានកើតឡើងប៉ុន្មានខែ បន្ទាប់ពីមានការចុះផ្សាយអំពីកិច្ចព្រមព្រៀងសម្ងាត់មួយរវាងចិន និងគុយបា ក្នុងការសាងសង់ស្ថានីយ៍ស៉ើបការណ៍មួយ នៅលើទឹកដីគុយបា។ ប៉ុន្តែ ចិនបានថ្កោលទោសចំពោះរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយអាមេរិក ហើយបដិសេធថាជារឿងមិនពិត៕