(វ៉ាស៉ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺរបស់សហរដ្ឋអាមេរិក (CDC) នៅថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា មេរោគកូវីដ១៩ បំប្លែងថ្មីដែលគេឲ្យឈ្មោះ BA.2.86 អាចមានសមត្ថភាពចម្លងជំងឺខ្លាំងជាងមេរោគបំប្លែងថ្មីមុនៗ ទាំងចំពោះអ្នកដែលធ្លាប់ឆ្លងកូវីដ១៩ ឬអ្នកដែលបានចាក់វ៉ាក់សាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។

CDC បានឲ្យដឹងទៀតថា វាឆាប់ពេលក្នុងការកំណត់ថាមេរោគបំប្លែងថ្មីនេះ អាចបណ្តាលឲ្យកើតមានជំងឺធ្ងន់ធ្ងរ បើប្រៀបធៀបនឹងមេរោគបម្លែងខ្លួនពីមុនៗ។ ប៉ុន្តែ ដោយសារការបំប្លែងខ្លួនដ៏ច្រើននៃជំងឺកូវីដ១៩ បង្កឲ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់ទៅលើភាពស៉ាំពីវ៉ាក់សាំង និងអ្នកដែលធ្លាប់ឆ្លងជំងឺនេះ។ កាលពីដើមខែសីហា BA.2.86 ត្រូវបានរកឃើញមានការឆ្លងនៅក្នុងសហរដ្ឋអាមេរិក ដាណឺម៉ាក និងអ៉ីស្រាអែល។

គួរបញ្ជាក់ ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើមេរោគកូវីដ១៩ BA.2.86 ដោយសារតែការបំប្លែងខ្លួន ៣៦លើករបស់វាពីមេរោគបំប្លែងថ្មី XBB.1.5 ដែលកំពុងឆ្លងរាលដាលនាពេលបច្ចុប្បន្ន៕