(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថាប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់កម្ទេចយន្ដហោះដ្រូន ៣គ្រឿងរបស់ អ៊ុយក្រែន ដោយមិនបានបញ្ជាក់លម្អិតពីការខូចខាត ឬជនរងគ្រោះណាម្នាក់ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់នៅលើ Telegram ដូច្នេះថា «យន្ដហោះដ្រូន ២គ្រឿងរបស់ទីក្រុងកៀវ ត្រូវបានកម្ទេចដោយប្រព័ន្ធការពារដែនអាកាស នៅឯតំបន់ប្រ៊ីយ៉ាន់ស្កិ៍ (Bryansk) មានព្រំដែនជាប់អ៊ុយក្រែន»។ ក្រសួងបន្ថែមថាចំណែកយន្ដហោះដ្រូនមួយគ្រឿងផ្សេងទៀតត្រូវបានចាប់សញ្ញា និង បាញ់កម្ទេចដោយប្រព័ន្ធការពារដែនអាកាស នៅឯតំបន់កាលូហ្កា (Kaluga) ស្ថិតនៅភាគនិរតីទីក្រុងមូស្គូ។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ និងតំបន់មួយចំនួនក្នុងប្រទេសរុស្ស៉ី បានក្លាយជាគោលដៅនៃការវាយប្រហារដោយយន្ដហោះដ្រូនសឹងតែរាល់ថ្ងៃ ដែលអាជ្ញាធររុស្ស៉ី ចោទថាជាស្នាដៃរបស់អ៊ុយក្រែន។ ការវាយប្រហារយន្ដហោះដ្រូនក្នុងទឹកដីរុស្ស៉ីបានកើតឡើងជាបន្ទាប់ ជាពិសេសក្រោយលោក ហ្សេលេនស្គីព្រមាន ថាសង្រ្គាមឈ្លានពានប្រឆាំងនឹងអ៊ុយក្រែនកំពុងវិលត្រឡប់ចូលទៅក្នុងទឹកដីរុស្ស៉ីវិញ៕