(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអនុម័តការលក់បរិក្ខារយោធាក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារសម្រាប់កោះតៃវ៉ាន់ តែការសម្រេចចិត្តបែបនេះ នឹងបង្កការខឹងសម្បារ និងការកើនឡើងភាពតានតឹងជាមួយចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមជាខេត្តមួយរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។

ក្រសួងការបរទេសអាមេរិក បានជូនដំណឹងពីការសម្រេចចិត្តលក់បរិក្ខារយោធាខាងលើទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធសប្ដាហ៍នេះ ជាមួយ ការបញ្ជាក់ថាបរិក្ខារយោធាទាំងនោះរួមមានទាំងប្រព័ន្ធ Infrared Search and Track បំពាក់លើយន្ដហោះចម្បាំង F-16 និងបរិក្ខារពាក់ព័ន្ធ ដើម្បីជួយតៃវ៉ាន់ក្នុងការធ្វើ បច្ចុប្បន្នភាពយន្ដហោះចម្បាំងដ៏ទំនើបមួយនេះ និងពង្រឹងសមត្ថភាពយោធាដើម្បីការពារខ្លួនឯង។

គួរបញ្ជាក់ថា ការអនុម័តការលក់បិរក្ខារយោធាខាងលើនឹងត្រូវឆ្លងកាត់កិច្ចចរចាជាមួយក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ខណៈកិច្ចព្រមព្រៀងចុងក្រោយ នៅមិនទាន់ត្រូវបានចុះហត្ថលេខានៅឡើយទេ។ ដោយឡែក ប៉ុន្មានម៉ោងមុននឹងការប្រកាសពីសម្រេចចិត្តនេះដែរ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន បានធ្វើ ទស្សនកិច្ចទៅកាន់បូជនីយដ្ឋានមួយនៅលើកោះ Kinmen ជាទីដែលកងទ័ពតៃវ៉ាន់ និងចិន វាយប្រយុទ្ធគ្នាក្នុងខែសីហា ឆ្នាំ១៩៥៨ អំឡុងវិបត្តិច្រកសមុទ្រតៃវ៉ាន់ លើកទី២៕