(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហានេះ បាននិយាយថាការប៉ុនប៉ងជាលើកទី២ ក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍មួយទៅកាន់ គន្លងតាវិថី បានទទួលបរាជ័យសាជាថ្មី ៣ខែបន្ទាប់ពីការប៉ុនប៉ងលើកទី១បានបរាជ័យ ដោយគ្រាប់រ៉ុក្កែត និងផ្កាយរណបបានធ្លាក់ចូលទឹកសមុទ្រ មួយសន្ទុះក្រោយការ បាញ់បង្ហោះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ថារដ្ឋបាលអភិវឌ្ឍទីអវកាសជាតិ (NADA) របស់កូរ៉េខាងជើងបានដឹកនាំការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ ម៉ាលីយ៉ុង-១ (Malligyong-1) ជាលើកទី២ នៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែ ការបាញ់បង្ហោះនេះបានទទួលបរាជ័យដោយសារតែបញ្ហាបច្ចេកទេស នៅដំណាក់កាលទី៣ នៃការផ្ដាច់ខ្លួនរបស់គ្រាប់រ៉ុក្កែត។ KCNA បន្ថែមថាបញ្ហាបច្ចេកទេសនេះមិនមែនជាបញ្ហាធំដុំអ្វីនោះទេ ដូច្នេះកូរ៉េខាងជើងនឹងព្យាយាមបាញ់បង្ហោះផ្កាយរណប ជាថ្មីម្ដងទៀត នៅខែតុលាខាងមុខ។

គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាខ្លួនចាប់បានសញ្ញាពីការបាញ់បង្ហោះរ៉ុក្កែតទៅកាន់ទីអវកាសនៅម៉ោង ៣៖៥០នាទីព្រលឹម នៅថ្ងៃព្រហស្បតិ៍នេះហើយ គ្រាប់រ៉ុក្កែតបានហោះលើតំបន់សមុទ្រលឿង។ ក្រុមអ្នកជំនាញកូរ៉េខាងត្បូងកំពុងតាមស្វែងរក និងស្រង់ផ្កាយរណបកូរ៉េខាងជើងចេញពីសមុទ្រ។ កូរ៉េខាងជើង បានជូនដំណឹងជាមុនដល់ជប៉ុនដែរពីការផែនការបាញ់បង្ហោះផ្កាយរណបនេះ ប៉ុន្តែសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនសុទ្ធតែបានថ្កោលទោសការបាញ់បង្ហោះ ផ្កាយរណបស៊ើបការណ៍នេះដោយពួកគេចាត់ទុកថាជាទង្វើបង្កអស្ថិរភាពក្នុងតំបន់៕