(កាលីហ្វ័រញ៉ា)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថាលោកមិនមានការភ្ញាក់ផ្អើលអ្វីនោះទេ ចំពោះព័ត៌មានដែលថាថៅកែ ទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះកាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។

ក្រុមមន្ត្រីអាកាសចរណ៍ស៊ីវិលរុស្ស៉ី បានចេញផ្សាយបញ្ជីឈ្មោះជនរងគ្រោះជាអ្នកដំណើរទាំង ៧នាក់ ក្នុងនោះរួមមានទាំងលោក Prigozhin និងមេបញ្ជាការទាហាន ស៊ីឈ្នួលរុស្ស៉ី Wagner ម្នាក់ទៀតគឺលោក Dmitry Utkin ព្រមទាំងសមាជិកអាកាសយានិក ៣នាក់ ដែលត្រូវបានទទួលស្គាល់ថាបានស្លាប់ទាំងអស់។ «មានមនុស្ស ១០នាក់បានជិះនៅលើយន្តហោះមួយគ្រឿង ក្នុងនោះរួមមានសមាជិកអាកាសយាននិក ៣នាក់ ហើយបើតាមព័ត៌មានបឋម គ្មានមនុស្សណាម្នាក់នៅលើយន្ដហោះ ដែលនៅរស់រានមានជីវិតនោះទេ»។ នេះជាការបញ្ជាក់របស់ក្រសួងសម្រាប់ស្ថានការណ៍អាសន្នរបស់រុស្ស៉ី។

បើតាមសេតវិមាន លោក ចូ បៃដិន ត្រូវបានជូនដំណឹងពីគ្រោះថ្នាក់ធ្លាក់យន្ដហោះនេះ ហើយលោក បៃដិនបានប្រាប់អ្នកសារព័ត៌មានថាលោកមិនដឹងថាតើមានរឿង អ្វីកើតឡើងឱ្យប្រាកដនោះទេ។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនភ្ញាក់ផ្អើលអ្វីនោះទេ...ពីព្រោះវាកម្រណាស់ដែលរឿងបែបនេះកើតឡើង ក្នុងប្រទេស រុស្ស៉ី ហើយលោក ពូទីន មិនស្ថិតនៅពីក្រោយខ្នងរឿងបែបនេះនោះ។ ប៉ុន្តែ ខ្ញុំមិនមានព័ត៌មានច្បាស់ ដើម្បីផ្ដល់ចម្លើយនោះទេ»។

គួរបញ្ជាក់ថា មិនទាន់មានការបញ្ជាក់មូលហេតុនៃការធ្លាក់យន្ដហោះនេះនៅឡើយទេ ប៉ុន្តែហេតុការណ៍ធ្លាក់យន្ដហោះនេះដែរកើតមានឡើងតែជាង២ខែប៉ុណ្ណោះ បន្ទាប់ពីលោក Prigozhin ដឹកនាំការបះបោររយៈពេលខ្លីមួយប្រឆាំងនឹងមេដឹកនាំយោធារុស្ស៉ីកាលពីខែមិថុនាកន្លងទៅ។ ចំណែក ក្រុមអ្នកវិភាគមួយចំនួនវិញ ក៏បាននិយាយដែរថាគ្រោះថ្នាក់ធ្លាក់យន្ដហោះនេះ អាចនឹងក្លាយជាមធ្យោបាយមួយដែលលោក ពូទីន ចង់ផ្ញើសារព្រមានទៅកាន់មនុស្សណាដែលហ៊ាន ឬចង់ក្បត់ ជាមួយនឹងរូបលោក ឬក៏ជាការបង្ហាញការគាំទ្ររបស់លោកចំពោះយោធារុស្ស៉ី ដែលមានជម្លោះជាមួយលោក ព្រីហ្គោហ្ស៉ីន រហូតបង្កជាការបះបោរមិនបានសម្រេច មួយកាលពីខែមិថុនាកន្លងទៅ៕