(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសន្យានៅថ្ងៃពុធនេះថា នឹងបញ្ចប់ការកាន់កាប់របស់រុស្ស៊ីលើតំបន់គ្រីមៀ និងតំបន់ដែលគ្រប់គ្រងដោយម៉ូស្គូផ្សេងទៀតទាំងអស់របស់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។
លោក Zelensky បាននិយាយនៅក្នុងសន្និសីទអន្តរជាតិស្តីពីតំបន់គ្រីមៀ ដែលមានការចូលរួមពីតំណាងប្រទេសជាង ៦០ និងអង្គការអន្តរជាតិនានាថា «គ្រីមៀ និងតំបន់ផ្សេងទៀតទាំងអស់របស់អ៊ុយក្រែន នឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនឡើងវិញ ដែលជាអកុសលបច្ចុប្បន្ននេះកំពុងស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៉ី»។
លោកបានបន្ថែមថា កងកម្លាំងអ៊ុយក្រែនកំពុងបន្តទៅមុខ ជាមួយនឹងការវាយបកប្រឆាំងដែលធ្វើឡើងកាលពីដើមខែមិថុនា។ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ ទន្ទឹមគ្នានេះ លោកក៏មិនបានកំណត់ពេលវេលាសម្រាប់អ៊ុយក្រែន ក្នុងការគ្រប់គ្រងគ្រីមៀឡើងវិញនោះដែរ។
លោក Zelensky បាននិយាយទៀតថា នៅពេលដែលតំបន់គ្រីមៀត្រលប់ទៅស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនវិញ នោះវានឹងក្លាយជាផ្នែកមួយនៃសេដ្ឋកិច្ចអ៊ុយក្រែន ហើយក៏ជាផ្នែកមួយនៃសេដ្ឋកិច្ចពិភពលោកផងដែរ។
លោកបានមានប្រសាសន៍ដូច្នេះថា «ថ្ងៃនេះយើងកំពុងបោះជំហានសេដ្ឋកិច្ចដំបូង។ យើងកំពុងចុះហត្ថលេខាលើឯកសារដំបូង ជាមួយក្រុមហ៊ុនដែលត្រៀមរួចជាស្រេច ដើម្បីចូលទៅក្នុងតំបន់គ្រីមៀ...»។
ទោះយ៉ាងណា លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីឯកសារនោះទេ ប៉ុន្តែបានលើកឡើងពីក្រុមហ៊ុនមួយចំនួន ដែលលោកបាននិយាយថា ត្រៀមខ្លួនរួចជាស្រេចក្នុងការវិនិយោគនៅតំបន់គ្រីមៀង បន្ទាប់ពីការបញ្ចប់ការគ្រប់គ្រងរបស់រុស្ស៊ី រួមមានដូចជាក្រុមហ៊ុន Ryanair, Vodafone, Nokia និង IBM ជាដើម។
គួរបញ្ជាក់ថា រុស្ស៊ីបានកាត់យក និងបញ្ចូលគ្រីមៀក្នុងឆ្នាំ២០១៤ ក្នុងចលនាមួយដែលមិនទទួលស្គាល់ដោយប្រទេសដទៃទៀតនោះទេ ហើយបានកាន់កាប់ផ្នែកផ្សេងទៀតនៃអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ទីក្រុងកៀវបានបើកការវាយបកវិញក្នុងការប៉ុនប៉ងដណ្តើមយកទឹកដីដែលបាត់បង់មកវិញ៕