(ប៉េកាំង)៖ មេដឹកនាំ នៃបណ្តាប្រទេស BRICS នៅថ្ងៃពុធនេះ នឹងពិភាក្សាអំពីការបញ្ចូលសមាជិកថ្មីទៅក្នុងប្លុកនេះ ខណៈដែលពួកគេស្វែងរកតួនាទីកាន់តែធំ ក្នុងការរៀបចំកិច្ចការពិភពលោកដែលពួកគេមើលឃើញថា ត្រូវបានគ្រប់គ្រងដោយមហាអំណាចលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០២៣។

ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក ប្រទេសចិនកំពុងស្វែងរកការពង្រីកសមាជិកក្រុមនេះឱ្យកាន់តែច្រើនឡើង ខណៈដែលមានប្រទេសជាង ៤០ កំពុងតម្រង់ជួរដើម្បីចូលរួម។ ប៉ុន្តែឥណ្ឌា ដែលជាមហាអំណាច BRICS ដ៏សំខាន់ផ្សេងទៀត មានការប្រុងប្រយ័ត្នក្នុងការប្រញាប់ប្រញាល់ពង្រីក ដោយមិនចង់ឱ្យចិនប្រើប្រាស់ប្លុកនេះប្រឆាំងនឹងសហរដ្ឋអាមេរិក។ ម្យ៉ាងឥណ្ឌាខ្លួនឯងក៏កំពុងស្វែងរកឥទ្ធិពលសម្រាប់ខ្លួនឯងផងដែរ។

ប្រទេស BRICS ដែលមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង តំណាង ៤០ភាគរយ នៃចំនួនប្រជាជនពិភពលោក និងមួយភាគបួននៃសេដ្ឋកិច្ចពិភពលោក។ BRICS គឺជាសម្ព័ន្ធភាពចម្រុះដែលមានប្រទេសសេដ្ឋកិច្ចធំ និងតូច លទ្ធិប្រជាធិបតេយ្យ និងរដ្ឋផ្តាច់ការ ជាមួយនឹងចក្ខុវិស័យរួមគ្នា ក្នុងការស្វែងរកជម្រើសមួយសម្រាប់សណ្តាប់ធ្នាប់ពិភពលោកដែលគ្រប់គ្រងដោយលោកខាងលិច ដែលបម្រើឱ្យប្រទេសកំពុងអភិវឌ្ឍន៍កាន់តែប្រសើរឡើង។

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយនៅឯពិធីបើកកិច្ចប្រជុំពេញអង្គរបស់ BRICS នៅថ្ងៃពុធនេះថា «ពិភពលោកកំពុងផ្លាស់ប្តូរ» ដោយបានសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្ន តម្រូវឱ្យមានកំណែទម្រង់ជាមូលដ្ឋានលើស្ថាប័ននៃអភិបាលកិច្ចសកលដើម្បីធ្វើឱ្យវាកាន់តែប្រសើរឡើងក្នុងការឆ្លើយតបទៅនឹងបញ្ហា ដែលកំពុងប្រឈមមុខនឹងមនុស្សជាតិ។

មេដឹកនាំនៃបណ្តាប្រទេស BRICS រួមទាំងប្រេស៊ីល ឥណ្ឌា និងចិនបានចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំកំពូលនេះ រួមជាមួយនឹងប្រមុខរដ្ឋ និងរដ្ឋាភិបាលចំនួន ៥០ផ្សេងទៀត។ ចំណែកឯប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលប្រឈមមុខនឹងដីកាចាប់ខ្លួនអន្តរជាតិ ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន មិនបានចូលរួមកិច្ចប្រជុំកំពូលនេះដោយផ្ទាល់ទេ ប៉ុន្តែបាននិយាយតាមរយៈតំណភ្ជាប់វីដេអូ៕