(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រើប្រាស់សុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូល នៃមេដឹកនាំ BRICS នៅថ្ងៃពុធ (២៣ សីហា) នេះ ដើម្បីការពារសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងសរសើរពីសមត្ថភាពរបស់ក្រុមនេះ ក្នុងការទប់ទល់នឹងការត្រួតត្រាពិភពលោករបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP  នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

ថ្លែងតាមរយៈវីដេអូភ្ជាប់ លោក ពូទីន បានរំលឹកឡើងវិញនូវការអះអាងរបស់វិមានក្រឹមឡាំង ទៅកាន់មេដឹកនាំក្រុមនេះថា ការឈ្លានពានរបស់រុស្ស៉ីដែលអ៊ុយក្រែន និងលោកខាងលិចបានថ្កោលទោសថា ជាការដណ្តើមយកទឹកដីរបស់ចក្រពត្តិនិយម គឺជាការឆ្លើយតបដ៏បង្ខិតបង្ខំរបស់រុស្ស៊ី ចំពោះអរិភាពរបស់ទីក្រុងកៀវ និងវ៉ាស៊ីនតោន។

លោកពូទីនបាននិយាយដូច្នេះថា «សកម្មភាពរបស់យើងនៅអ៊ុយក្រែន ត្រូវបានកំណត់ដោយរឿងតែមួយគត់ នោះគឺដើម្បីបញ្ចប់សង្រ្គាមដែលបង្កឡើងដោយលោកខាងលិច និងសម្ព័ន្ធមិត្តរបស់ពួកគេប្រឆាំងនឹងប្រជាជនដែលរស់នៅក្នុងតំបន់ Donbass» ដោយសំដៅទៅលើផ្នែកខាងកើតនៃអ៊ុយក្រែន ជាកន្លែងដែលដៃជើងរបស់រុស្ស៊ី និងកងទ័ព​អ៊ុយក្រែន​បាន​ប្រយុទ្ធ​គ្នា​តាំង​ពី​ឆ្នាំ ២០១៤។

ប្រទេស BRICS ដែលរួមមានប្រេស៊ីល ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង បានក្លាយជាប្រទេសសំខាន់សម្រាប់ទីក្រុងមូស្គូ ខណៈដែលប្រទេសនេះព្យាយាមធ្វើឱ្យទណ្ឌកម្មរបស់លោកខាងលិចចុះខ្សោយ ដោយការជំរុញពាណិជ្ជកម្មជាមួយអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន។

រុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ខ្លួនបើកចំហសម្រាប់កិច្ចពិភាក្សាដើម្បីបញ្ចប់សង្គ្រាមដែលបានអូសបន្លាយជាង ១៨ខែមកនេះ ប៉ុន្តែក្នុងលក្ខខណ្ឌថា រុស្ស៉ីនឹងមិនធ្វើសម្បទានលើទឹកដីដែលខ្លួនដណ្តើមបានជិតមួយភាគប្រាំនៃប្រទេសអ៊ុយក្រែននោះទេ៕