(ប៉េកាំង)៖ កិច្ចជំនួបលើកទី១៥ នៃថ្នាក់ដឹកនាំប្រទេស BRICS ត្រូវបានបើកធ្វើនៅអាហ្វ្រិកខាងត្បូង ។ ហេតុនេះហើយ ពិភពលោកទាំងមូលកំពុងនាំគ្នាពិគ្រោះពិភាក្សាយ៉ាងកក់ក្តៅអំពីប្រទេស BRICS ក្នុងនោះប្រធានបទដ៏គន្លឹះមួយ គឺ ការពង្រីកចំនួនសមាជិកនៃប្រទេស BRICS។

យោងតាមដំណឹងមកពីអាហ្រ្វិកខាងត្បូងឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសជាង ៤០ បានបង្ហាញពីការរំពឹងទុកឱ្យចូលជា រដ្ឋសមាជិកនៃប្រទេស BRICS ក្នុងនោះ ប្រទេសជាង ២០ បានដាក់ជូនសំណើសុំជាផ្លូវការ ។ លោក Sooklal បេសកជនពិសេសទទួលបន្ទុកកិច្ចការ BRICS របស់អាហ្រ្វិកខាងត្បូងបានលើកឡើងក្នុងពេលផ្តល់ បទសម្ភាសន៍ពិសេសជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនថា ប្រទេសជាច្រើនរំពឹងថា នឹងចូលរួមក្នុង"មហាគ្រួសារ"របស់ប្រទេស BRICS ដែលបង្ហាញពីជំនឿចិត្តរបស់សហគមន៍អន្តរជាតិ ចំពោះសមត្ថភាពដឹកនាំរបស់ប្រទេស BRICS ក្នុងការដោះស្រាយបញ្ហាសកល។

រំលឹកឡើងវិញពីដំណើរឆ្លងកាត់នៃកិច្ចសហប្រតិបត្តិការ BRICS អាចឃើញថា ការអភិវឌ្ឍគឺជាលក្ខណៈពិសេសដ៏លេចធ្លោបំផុត ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានបង្ហាញថា ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០២២ សមាមាត្រនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស BRICS ក្នុង GDP សកលបានកើនឡើងពី ៨,៤ ភាគរយដល់ ២៥,៨ ភាគរយ ក្នុងពេលដំណាលគ្នានេះ ចំណែកសមាមាត្រនៃផលិតផលក្នុងស្រុកសរុបរបស់ក្រុមប្រទេស G7 បានធ្លាក់ចុះពី ៦៤,៦ ភាគរយមកនៅត្រឹម ៤២,៩ ភាគរយ ។ នៅឆ្នាំ ២០២២ បើគិតតាមភាពស្មើគ្នានៃអំណាចទិញ(ppp) សមាមាត្រនៃ GDP របស់ប្រទេស BRICS ក្នុងទំហំសេដ្ឋកិច្ចសរុបរបស់ពិភពលោកបានលើសពី ក្រុមប្រទេស G7។

កាលពីថ្ងៃទី ១៥ ខែសីហានេះ ធនាគារអភិវឌ្ឍន៍ថ្មីដែលស្ថិតក្រោមយន្តការ BRICS បានដាក់ចេញដោយជោគជ័យនូវប័ណ្ណបំណុលចំនួន ១៥ ពាន់លានប្រាក់ Rand នៅក្នុងទីផ្សារប័ណ្ណបំណុលក្នុងស្រុករបស់អាហ្វ្រិកខាងត្បូង ។ នេះគឺជាលើកទីមួយហើយដែល ធនាគារអភិវឌ្ឍន៍ថ្មីបានដាក់ចេញប័ណ្ណបំណុល នៃរូបិយវត្ថុក្នុងតំបន់នៅអាហ្វ្រិកខាងត្បូង បន្ទាប់មក ពួកគេក៏នឹងស្វែងរកលទ្ធភាពនៃការដាក់ចេញជាលើកដំបូង នូវប័ណ្ណបំណុលនៃប្រាក់រូពីនៅប្រទេសឥណ្ឌាក្នុងឆ្នាំនេះ ។ គិតរហូតដល់បច្ចុប្បន្ននេះ ធនាគារអភិវឌ្ឍន៍ថ្មីបានអនុម័តលើគម្រោងប្រាក់កម្ចីជិត ១០០ ដែលមានទំហំសរុបដល់ទៅ ៣៥ ពាន់លានដុល្លារអាមេរិក។

ក្នុងនាមជាយន្តការសហប្រតិបត្តិការបែបថ្មី យន្តការ BRICS បានក្លាយជាកម្លាំងដ៏សំខាន់សម្រាប់ដឹកនាំ កិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ និងជំរុញអភិបាលកិច្ចសកល ។ ដោយសារបានប្រកាន់ខ្ជាប់នូវការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា បណ្តាប្រទេស BRICS បានបញ្ចេញសំឡេងរួមដើម្បីគាំពារពហុភាគីនិយម និងជំរុញកំណែទម្រង់នៃប្រព័ន្ធអភិបាលកិច្ចសកល។ នេះក៏ជាមូលហេតុដែលប្រព័ន្ធសារព័ត៌មានអន្តរជាតិបាននាំគ្នាសម្គាល់ឃើញថា ប្រទេស BRICS បានផ្តល់នូវគំនិតថ្មីនិងការបំផុសគំនិតដ៏សំខាន់ ដោយលើកលែងតែសណ្តាប់ធ្នាប់អន្តរជាតិ ដែលដឹកនាំដោយប្រទេសលោកខាងលិច។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាប្រទេសលោកខាងលិច បានឃោសនាបំប៉ោងអ្វីដែលហៅថា "ទស្សនៈចុះខ្សោយនៃប្រទេស BRIC"និង"ទស្សនៈដួលរលំនៃប្រទេស BRIC"ដោយឥតឈប់ឈរក៏ដោយ ក៏ប៉ុន្តែការពិតជាក់ស្តែងបានបញ្ជាក់ថា ប្រទេសកាន់តែច្រើនឡើងៗបានបង្ហាញពីការរំពឹងទុក ចង់ចូលជារដ្ឋសមាជិកនៃប្រទេស BRICS ក៏ដូចជាចូលរួមក្នុងកិច្ចសហប្រតិបត្តិការ BRIC ផងដែរ ។ នេះបានបង្ហាញយ៉ាងពេញលេញនូវកម្លាំងជីវិត និងឥទ្ធិពលយ៉ាងខ្លាំងក្លានៃយន្តការសហប្រតិបត្តិការ BRICS ហើយបានឆ្លុះបញ្ចាំងថា ស្មារតី BRICS ដែលប្រកបដោយភាពបើកទូលាយ បរិយាប័ន្ន កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ"គឺ សមស្របនឹងចរន្តនៃយុគសម័យ ។ ដូចការវាយតម្លែរបស់អង្គប្រជុំក្នុងវេទិកាសិក្សានៃប្រទេស BRICS លើកទី ១៥ កាលពីខែឧសភា ឆ្នាំនេះដែលបានលើកឡើងថា "យើងសម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការ BRICS គឺជាអនាគត"៕

វិទ្យុមិត្តភាពកម្ពុជាចិន