(ប៉េកាំង)៖ កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣ តាមម៉ោងក្រុងប៉េកាំង កិច្ចប្រជុំកំពូលរវាងអាមេរិក ជប៉ុននិងកូរ៉េខាងត្បូងលើកទីមួយបានបិទបញ្ចប់នៅតំបន់ Camp David ។ សេចក្តីថ្លែងការណ៍ចំនួន ៣ ដែលចេញផ្សាយដោយកិច្ចប្រជុំកំពូលលើកនេះ បានឃោសនាបំប៉ោងពីបញ្ហាមួយចំនួន ដូចជា ច្រកសមុទ្រតៃវ៉ាន់និងសមុទ្រចិនខាងត្បូងជាដើម បំផុលពី "ការព្រួយបារម្ភអំពីសន្តិសុខ" ញុះញង់បណ្តាភាគីឱ្យ "ឆ្លើយតបនឹងការគំរាមកំហែង" ក៏ដូចជាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងកម្រោល ។ អាចឃើញថា សហរដ្ឋអាមេរិកនិយាយបានតែមាត់ថា " មិនសំដៅចំពោះប្រទេសចិនទេ" ប៉ុន្តែសកម្មភាពជាក់ស្តែងរបស់ខ្លួនគឺផ្ទុយនឹងពាក្យសន្យានេះ ។ ពួកគេវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ខ្លួនក្នុងការប្រឌិតពាក្យចចាមអារ៉ាម និងមើលស្រាលចំពោះសមត្ថភាពវិនិច្ឆ័យ ការពិតទាំងស្រុងរបស់អ្នកផងទាំងពួង ។ តើអ្វីជាគោលបំណងដ៏សំខាន់នៃកិច្ចប្រជុំកំពូលលើកនេះ អ្នកចេះដឹងសុទ្ធតែអាចមើលឃើញយ៉ាងច្បាស់។

សូមបញ្ជាក់ថា តំបន់ Camp David គឺជាទីកន្លែងដ៏សំខាន់របស់អាមេរិកសម្រាប់ធ្វើសកម្មភាព"ការទូតក្នុងភូមិគ្រឹះ" លើកនេះ សហរដ្ឋអាមេរិកបានហៅ "កូនចៅ" នៅអាស៊ីចំនួនពីរ ពោលគឺ ជប៉ុននិងកូរ៉េខាងត្បូងមកជួបជុំគ្នានៅទីនេះ តាមពិតទៅ ចេតនារបស់អាមេរិកមិនពិបាកប៉ានស្មានទេ គ្រាន់តែដោយសារមិនអាចបង្កើតជា "អង្គការណាតូនៅអាស៊ី" ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះប៉ុណ្ណោះ ហេតុនេះហើយ អាមេរិកចង់អូសទាញជប៉ុននិងកូរ៉េខាងត្បូងឱ្យបង្កើតជា "អង្គការណាតូតូចនៅអាស៊ី" តាមរយៈមធ្យោបាយការទូតពិសេសសិន ដើម្បីជំរុញអ្វីដែលហៅថា "យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក"
ដូច្នេះ តើកិច្ចប្រជុំកំពូលលើកនេះអាចជួយអាមេរិកឱ្យសម្រេចបាន នូវគោលដៅរបស់ខ្លួនក្នុងការបង្កើតជា "អង្គការណាតូតូចនៅអាស៊ី " ឬទេ ?

បើមើលពីឯកសារលទ្ធផលអាចឃើញថា វាហាក់ដូចជាមានគំនិតជាច្រើន ប៉ុន្តែតាមពិតទៅ វាខ្វះវិធីសាស្ត្រនិងផែនការជាក់លាក់ ។ អ្នកវិភាគមួយចំនួនបានលើកឡើងថា ដោយគិតពិចារណាដល់ប្រទេសទាំង ៣ សហរដ្ឋអាមេរិក ជប៉ុននិងកូរ៉េខាងត្បូងនឹងធ្វើការបោះឆ្នោតសកល ជាបន្តបន្ទាប់ចាប់ពីឆ្នាំក្រោយតទៅ បានជាកិច្ចប្រជុំកំពូលលើកនេះហាក់ដូចជា "ការសម្តែងឆាកល្ខោនខាងនយោបាយ" ដែលពួកគេបានរួមគ្នារៀបចំ ចំណែកឯកសារលទ្ធផលវិញហាក់ដូចជា ការធ្វើសច្ចាប្រណិធានដែលមានលក្ខណៈជានិមិត្តរូបមួយ ដើម្បីសម្របទៅតាមនយោបាយបោះឆ្នោត។បើមើលពីទំនាក់ទំនងរវាងប្រទេស ដែលចូលរួមកិច្ចប្រជុំកំពូលលើកនេះអាចឃើញថា ជប៉ុននិងកូរ៉េខាងត្បូងសុទ្ធតែជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ។ តាមពិតទៅ ពួកគេគ្រាន់តែគិតពិចារណាពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយរវាងប្រទេសទាំងបីមានជម្លោះដែលពិបាកនឹងសម្របសម្រួល។

បើនិយាយចំពោះប្រទេសជប៉ុន ពួកគេចង់លុបបំបាត់ចោលការរឹតត្បិតពី ”រដ្ឋធម្មនុញ្ញសន្តិភាព”តាមរយៈការបង្កើតជា "អង្គការណាតូតូចនៅអាស៊ីប៉ាស៊ីហ្វិក" ដើម្បីសម្រេចបាននូវ "ក្តីសុបិននៃប្រទេសខ្លាំងខាងយោធា"របស់ខ្លួន ប៉ុន្តែត្រូវគិតពិចារណាពីទំនាក់ទំនងផ្នែកសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធ ជាមួយប្រទេសចិនដោយខានពុំបាន ។ នាពេលបច្ចុប្បន្ននេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសជប៉ុន ។ ការបង្កការបដិបក្ខគ្នាជាមួយប្រទេសចិនដោយងងឹតងងុល វាមិនសមស្របនឹងផលប្រយោជន៍របស់ជប៉ុននោះទេ។

អ្វីដែលហៅថា "អង្គការណាតូនៅអាស៊ីប៉ាស៊ីហ្វិក" ​ដែលសហរដ្ឋអាមេរិកចង់បង្កើតនោះ មុខជានឹងត្រូវបរាជ័យជាក់ជាមិនខាន ។ ពីព្រោះវាបានល្មើសនឹងសំណូមពរជាមូលដ្ឋានរបស់ប្រជាជន ក្នុងតំបន់ស្តីពីការចង់បានសន្តិភាពនិងការអភិវឌ្ឍ ។ សំដៅចំពោះ "បក្ខពួក" ដែលបង្កជាការបំបែកបំបាក់និងបដិបក្ខគ្នាណាមួយ បណ្តាប្រទេសនានានិងប្រជាជនក្នុងតំបន់ ដែលស្នេហាសន្តិភាពទាំងអស់សុទ្ធតែនឹងធ្វើពហិការយ៉ាងដាច់ខាត៕

វិទ្យុមិត្តភាពកម្ពុជាចិន