(មូស្គូ)៖ រុស្ស៉ី បានតែងតាំងប្រធានស្តីទីថ្មីនៃកងទ័ពអាកាសរបស់ខ្លួន ដើម្បីជំនួស លោក សឺហ្គៃ ស៊ូវូរីគីន (Sergei Surovikin) ដែលបានបាត់មុខ បន្ទាប់ពីមានការបះបោររបស់ទាហានស៊ីឈ្នួល Wagner ប្រឆាំងនឹងក្រសួងការពារជាតិរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RIA នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។

អំឡុងពេលមានការបះបោរកាលពីចុងខែមិថុនា លោក ស៊ូវូរីគីន បានបង្ហាញខ្លួនក្នុងសភាពតានតឹង និងគ្មានឯកសណ្ឋាន ហើយទទូចឲ្យថៅកែក្រុម Wagner លោក យេវហ្គីនី ព្រីហ្កោហ្ស៉ី (Yevgeny Prigozhin) បោះបង់ចោលការឆ្ពោះ មកកាន់ទីក្រុងមូស្គូ។ ចាប់តាំងពីពេលនោះមក សារព័ត៌មានរុស្ស៉ី និងបរទេសមួយចំនួន បានចុះផ្សាយថា លោក ស៊ូវូរីគីន កំពុងរងការស៊ើបអង្កេតមួយ ឬត្រូវបានឃុំខ្លួនក្នុងផ្ទះ។

ដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ RIA បានឲ្យដឹងថា អតីតប្រធានកងកម្លាំងជើងអាកាស និងអវកាសរុស្ស៉ីរូបនេះ បានលាលែងពីតំណែងហើយ ខណៈលោកវរសេនីយ៍ឯក វ៉ិកទ័ឬ អាហ្វហ្សាលូវ (Viktor Afzalov) ប្រធានសេនាធិការនៃកងទ័ពអាកាស ត្រូវធ្វើជាអគ្គមេបញ្ជាការកងទ័ពអាកាសបណ្ដោះអាសន្ន»។

គួរបញ្ជាក់ថា លោក ស៊ូវូរីគីន ក៏ធ្លាប់ត្រូវបានចាត់ឲ្យទទួលបន្ទុកប្រតិបត្តិការរបស់រុស្ស៉ីនៅអ៊ុយក្រែន ផងដែរ កាលពីខែតុលា ២០២២ ប៉ុន្តែនៅក្នុងខែមករា តួនាទីនេះ ត្រូវបានប្រគល់ទៅឲ្យឧត្តមសេនីយ៍ វ៉ាឡារី ជឺរ៉ាស៉ីម៉ូវ (Valery Gerasimov)៕