(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកមិនលើកទឹកចិត្ត ឬជំរុញឲ្យមានការវាយប្រហារណាមួយក្នុងប្រទេសរុស្ស៉ីឡើយ បន្ទាប់ពីអាជ្ញាធររុស្ស៉ីរាយការណ៍ពីការបាញ់ទម្លាក់យន្តហោះដ្រូន ដែលព្យាយាមវាយប្រហារទីក្រុងមូស្គូ នៅព្រឹកថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។

ជារឿយៗ សហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់ជំនួយដ៏ធំក្នុងទម្រង់ជាអាវុធ និងឧបករណ៍យោធាផ្សេងទៀត ដើម្បីជួយអ៊ុយក្រែនប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៉ីនោះ តែងតែនិយាយថា ខ្លួនមិនគាំទ្រការវាយប្រហារ ចូលទៅក្នុងទឹកដីរុស្ស៉ីនោះទេ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក វាអាស្រ័យទៅលើអ៊ុយក្រែន ក្នុងការជ្រើសរើសវិធីកាពារខ្លួនឯង ហើយរុស្ស៉ី អាចបញ្ចប់សង្គ្រាមបានគ្រប់ពេល ដោយការដកកងទ័ពចេញពីអ៊ុយក្រែន។

គួរបញ្ជាក់ថា ការវាយប្រហារដោយយន្តហោះដ្រូនលើរដ្ឋធានីរុស្ស៉ី កាន់តែកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីមានករណីបាញ់យន្តហោះដ្រូនលើវិមានក្រឹមឡាំង កាលពីខែឧសភា កន្លងទៅ៕